ភ្នំពេញ ៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកទឹកចិត្តឲ្យប្រតិបត្តិករ ប្រព័ន្ធផ្សព្វផ្សាយ ចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ និងចុះបញ្ជីម៉ាក ពាណិជ្ជនាម ដើម្បីការពារផលប្រយោជន៍ ម្ចាស់ស្ថាប័ន និងចៀសវាងមានឈ្មោះជាន់គ្នា ។ នេះបើយោង តាមការចេញផ្សា យរបស់ AKP។
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ថ្មីៗនេះ មានប្រកាសអន្តរក្រសួងស្តីពី ការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណ លើវិស័យព័ត៌មាន និងសោតទស្សន៍ រវាងក្រសួង ពាណិជ្ជកម្ម និងក្រសួងព័ត៌មាន តម្រូវឱ្យម្ចាស់ស្ថាប័នសារព័ត៌មានទាំងអស់ ទទួលបានសិទ្ធិក្នុងការផ្សព្វផ្សាយពីក្រសួង ព័ត៌មានហើយ បន្តចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទៀត ។
ចំពោះការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនេះ អ្នកនាំពាក្យ ក៏បានបញ្ជាក់ថា នឹងធានាអត្តសញ្ញាណ នៃអង្គភាព ស្ថាប័នសារព័ត៌មាន និងសោតទស្សន៍នីមួយៗ មិនជាន់លើអត្តសញ្ញាណ នៃអង្គភាព ស្ថាប័នព័ត៌មាន និងសោតទស្សន៍ដទៃទៀត ដែលបានច្បាប់អនុញ្ញាតរួចហើយ។
ម្យ៉ាងទៀត ការចុះបញ្ជីតាមបទដ្ឋានគតិយុត្តនេះ នឹងការពារផលប្រយោជន៍ស្របច្បាប់ របស់អ្នកស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងម៉ាក ដើម្បីការពារការប្រកួតប្រជែង មិនស្មោះត្រង់។ លើសពីនេះទៅទៀត បទដ្ឋានគតិយុត្តនេះ នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ម៉ាក និងពាណិជ្ជនាម ដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ សីលធម៌សង្គម ឬប្រពៃណីល្អរបស់ជាតិ និងម៉ាកដែលមិនអាចចុះបញ្ជីបាន ដូចមានកំណត់ក្នុងច្បាប់ជាធរមាន ៕