ព័ត៌មានជាតិ

អ្នកពុលស្រាស នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើនឡើងដល់៣៣នាក់

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា គិតត្រឹមម៉ោង១៨ និង០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកពុលស្រាស នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានកើនឡើងដល់៣៣នាក់ហើយ។

ក្នុងនោះមាន៤នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។

លោកស្រីបន្តថា ក្នុងចំណោម៣៣នាក់គឺនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមាន១១ នាក់ (ស្រី ១នាក់) និង នៅមណ្ឌលសុខភាព អភិវឌ្ឍនន៍ មានបុរសចំនួន ២២ នាក់ កំពុងសង្រ្គោះបឋម។

លោកស្រីបានស្នើកុំពិសារស្រាសដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដេីម្បីចៀសផុតពីការពុល ដែលធ្វេីឲ្យបាត់បង់ជីវិត។

បើតាមលោកស្រី ឱ វណ្ណឌីន ករណីសង្ស័យពុលស្រាស បានកើតឡើងក្នុងចំណោមអ្នកដែលបានធូរស្រាល ពីពុលហេតុការសង្ស័យ​ ពុលដោយសារថ្នាំបាញ់នៅចំការឪឡឹកនៅ ភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានទៅចូលរួមពិធីបុណ្យសព ដែលបានស្លាប់ម្នាក់ពីហេតុការណ៍ សង្ស័យពុលថ្នាំបាញ់នេះ ហើយករណីសង្ស័យពុលស្រាសនេះ ក៏បណ្តាលឲ្យមានស្លាប់បាត់បង់ជីវិតម្នាក់ផងដែរ៕

To Top