Covid-19

សម្ដេច ស ខេង ណែនាំមន្រ្តីពាក់ព័ន្ធ ជាមួយលោក ឆែម សាវុធ ទៅធ្វើតេស្ត រកកូវីដ១៩ ខណៈសម្ដេច ត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ

ភ្នំពេញ៖ ក្រោយពី លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានធ្វើតេស្តរកឃើញ ឆ្លងជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ ដល់មន្រ្តីគ្រប់ជាន់ថ្នាក់ ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយលោក ឆែម សាវុធ ត្រូវទៅធ្វើតេស្ត រកមេរោគកូវីដ១៩ នៅទីស្ដីការ ក្រសួងមហាផ្ទៃ ខណៈរូបសម្ដេចផ្ទាល់ ត្រូវធ្វើតេស្ត រកមេរោគកូវីដ១៩ និងប្រហែលត្រូវធ្វើ ចត្តាឡីស័កផងដែរ។

តាមរយៈសារសំឡេង ផ្ញើទៅកាន់មន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកានេះ សម្ដេច ស ខេង បានថ្លែងថា ” មន្រ្តីយើងទាំងអស់ ដែលមានការជាប់ទាក់ទងជិតស្និទ ធ្វើការប្រចាំជាមួយ ឆែម សាវុធ គឺសូមទៅក្រសួង ទៅសាលប្រជុំធំ ដើម្បីគេយកសំណាក ធ្វើតេស្តរកជំងឺកូវីដ១៩ “។

សម្ដេចបញ្ជាក់បន្ថែមថា “សម្រាប់ខ្ញុំ ខ្ញុំក៏បានធ្វើការជាមួយ សាវុធកាលពីអាទិត្យមុន ប៉ុន្តែគាត់អង្គុយឆ្ងាយពីខ្ញុំ ប៉ុន្តែពេលចប់ប្រជុំ ដើរចេញមកក្រៅ ខ្ញុំក៏បាននិយាយជាមួយ សាវុធ ២ឬ៣មាត់ដែរ ខ្ញុំត្រូវធ្វើតេស្ត ហើយធ្វើចត្តាឡីស័ក ហើយតាមមើល”៕

To Top