ព័ត៌មានជាតិ

សម្តេចតេជោ អំពាវនាវឲ្យ ពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង ជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានធ្វេីការអំពាវនាវទៅដល់ប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង ជំងឺកូវីដ-១៩ ដែលកំពុងកេីតមានឡេីងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយណែនាំប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

សម្តេចតេជោ បន្តថា នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមានកូវីដ-១៩មកពីសហរដ្ឋអាមេរិក។
សម្ដេចថា ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ គឺអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា»។

សម្តេចតេជោ មានប្រសាសន៍ថា “ដែលកាលពីព្រឹកមិញគឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។ ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង”។

សម្តេចតេជោ បញ្ជាក់ ថា “ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន នឹងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ នឹងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត”។

ជាងនេះទៅទៀ ត សម្ដេច តេជោ ហ៊ុន សែន បានឲ្យដឹងថា ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុត ចៀសវាងការឆ្លងរាលដាលសាយភាយជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត។

សម្តេចតេជោ សង្ឃឹមថា ប្រជាពលរដ្ឋបង្កេីនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែស ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នា ជាពិសេស នៅក្នុងស្ថានភាពដ៏លំបាកនេះ៕

ដោយ អេង ប៊ូឆេង

To Top