ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដែលមិនមានការពាក់ព័ន្ធ ជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធគារ ត្រូវបន្ដបំពេញ ភារកិច្ចជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់ វិធានការអនាម័យ ជាប់ជាប្រចាំ។
សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី ដោយក្នុងនោះមាន លោកឧត្តមអគ្គានុរក្សថ្នាក់ទី១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធគារ ដោយបច្ចប្បន្ន លោក ឆែម សាវុធ កំពុងមានវិរុស កូវីដ-១៩។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា ដើម្បីចូលរូមបង្ការ ទប់ស្កាត់ការរីករាលដាល់ នៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ បានចាត់វិធានការ អនាម័យដោយបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមអគារ ក្នុងទីស្ដីការក្រសួងមហាផ្ទៃ មណ្ឌលអប់រំកែប្រែទី១ សាលាបណ្ឌិតសភា នគរបាលកម្ពុជា ។
ក្រសួងមហាផ្ទៃ បានឲ្យដឹងថា “សូមថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដែលមានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលទាំងអស់ សូមធ្វើតេស្ដរកជំងឺ កូវីដ-១៩ និងធ្វើចត្តាឡីស័ក ដោយអនុវត្តការដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព ក្នុងរយ:ពេល១៤ថ្ងៃ ឲ្យបានច្បាស់លាស់បំផុត”។
ក្រសួងមហាផ្ទៃ បន្តថា “ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនគារ ដែលមិនមានការពាក់ព័ន្ធ សូមបន្ដបំពេញភារកិច្ចជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់ វិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដាន សុខភាពជាប្រចាំ”៕ ដោយ៖ អេង ប៊ូឆេង