ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ប្រាប់ក្រុមការងារ បច្ចេកទេស សហការគ្នាឲ្យជិតស្និទ្ធ ក្នុងការសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមការងារបច្ចេកទេស អន្តរក្រសួង ៩ក្រុម ត្រូវសហការគ្នាឲ្យជិតស្និទ្ធ មានជំហររឹងមាំ និងមានទិសដៅតែមួយក្នុងការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប បញ្ចប់តាមផែនការ។

ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារបច្ចេកទេស អន្តរក្រសួង ៩ក្រុម ដើម្បី អនុវត្តយន្តការ ត្រួតពិនិត្យតាមដាន លើការនុវត្ត គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា «ដើម្បីទទួលបានផ្លូវមាន គុណភាពស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធិ មានជំហររឹងមាំ និងមានទិសដៅតែមួយ ពោលគឺ សាងសង់ផ្លូវឱ្យមាន ប្រសិទ្ធភាព និងគុណភាពរឹងមាំ និងបញ្ចប់គម្រោងតាមផែនការ»។

លោកបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងមាន ការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយសហការឱ្យបានស្អិតរមួតជាមួយស្ថាប័ន ពាក់ព័ន្ធ និងធ្វើការចុះត្រួតពិនិត្យតាមដាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ឱ្យស្របតាម ស្តង់ដារលក្ខណៈបច្ចេកទេស។ ត្រូវចុះពិនិត្យផ្ទាល់ជាទៀងទាត់ ដើម្បីធានាគ្រប់ដំណាក់កាលនៃការសាងសង់ គឺអនុលោមតាមគោលការណ៍ ដែលបានកំណត់ និងត្រូវធ្វើការរាយការណ៍ជាប្រចាំជូនក្រុមការងារ ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងជូនទៅគណៈកម្មការអន្តរក្រសួងផងដែរ។

លើសពីនេះទៀត រដ្ឋមន្ដ្រីសាធារណការ បានសង្កត់ធ្ងន់ផងដែរថា៖ ប្រសិនបើអង្គភាពអនុវត្តគម្រោងសាង សង់ណាមួយ មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា សៀវភៅបន្ទុក ប្លង់គោល ប្លង់លម្អិត និងបច្ចេកទេសសាងសង់ពាក់ព័ន្ធ ឱ្យបានម៉ឹងម៉ាត់ នោះទេ ក្រុមការងារនឹងមិនអនុញ្ញាត បន្តនីតិវិធីដើម្បីធ្វើការទូទាត់ប្រាក់ជាដាច់ខាត។

សូមរំលឹកថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ នឹងសម្ពោធបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ស្អែកនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

ដោយ អេង ប៊ូឆេង

To Top