ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ការបំពាក់សម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនដល់សាលាពលទាហានទាំង ៦យោធភូមិភាគចំណុះកងទ័ពជើងគោក ដោយក្នុងមួយអង្គភាពទទួលបាន កុំព្យូទ័រចំនួន ៦គ្រឿង កុំព្យូទ័រលើតុចំនួន ១៤គ្រឿង ម៉ាស៊ិនព្រីនធ័រចំនួន ១៣គ្រឿង ម៉ាស៊ីនកូពីខ្នាតធំ ចំនួន ១គ្រឿង ម៉ាស៊ីនស្លាយចំនួន ៦គ្រឿង ក្តាខៀនចល័តចំនួន ១៨ផ្ទាំង តុការិយាល័យចំនួន ១១ តុដាក់កុំព្យូទ័រចំនួន ១៤ និងទូដាក់ឯកសារចំនួន៣។
ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់២៩ខែវិច្ឆិការ ឆ្នាំ២០២០ នៅតាមទីតាំងផ្ទាល់ ដែលមានការអញ្ជើញចូលរួម ពីតំណាងរបស់អង្គភាពទាំង៦ ជាមួយនិងក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងផ្នែក ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ការផ្តល់ជូននូវគ្រឿងបំពាក់ជូនសាលាយោធា និងសម្ភារផ្សេងៗ ទៅដល់បណ្តាអង្គភាពនីមួយៗ គឺជាផ្នែកមួយនៃការយកចិត្ត ទុកដាក់គិតគូរលើកិច្ចការងារ របស់ទ័ពជាទូទៅ ដែលកន្លងមក មេបញ្ជាការកងទ័ពជើងគោក តែងតែបានធ្វើការផ្តល់ជូនជាបន្តបន្ទាប់ ដល់បណ្តាអង្គភាពចំណុះនីមួយៗ។ ការឧបត្ថម្ភគ្រឿងបរិក្ខាការិយាល័យទាំងនេះ ក៏សំដៅបង្កលក្ខណៈងាយស្រួល បង្កើនប្រសិទ្ធភាពការងារ បំពេញដល់ការខ្វះខាតចាំបាច់ ដែលឆ្លើយតបដល់កិច្ចការងារ បណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងការពារជាតិមាតុភូមិ។
នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅក្នុង សាលាពលទាហានទាំង៦ យោធភូមិភាគ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាង ជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់អង្គភាព ព្រមទាំងបានសន្យាថា និងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងប្រើប្រាស់បម្រើដល់កិច្ចការងារ អង្គភាពប្រកបដោយប្រសិទ្ធភាពបំផុត ៕