ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំពីដំណើរការរៀន សូត្រសិស្សថ្នាក់ ទី១២ និងការបំប៉នត្រៀមប្រឡង នៅតាមខេត្តពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០បានណែនាំអំពី ដំណើរការរៀនសូត្រ របស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡង នៅតាមខេត្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ។

ក្នុងសេចក្ដីជូនដំណឹង ក្រសួងបានឲ្យដឹងថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និង រីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍២៨ វិច្ឆិកា និងបង្កលក្ខណៈឲ្យសិស្សថ្នាក់ទី១២ អាចរៀន សូត្រសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិសម័យប្រឡង ២១ ធ្នូ ២០២០ គឺ ទី១-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវវាយតម្លៃហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីផ្អាកការរៀនសូត្រ និងស្នើសុំយោបល់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។

ទី២- ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានសិទ្ធិក្នុងការសម្រេច អំពីការផ្អាកការសិក្សា នៅតាមតំបន់ ទីរួមខេត្ត និងទីប្រជុំជន។

ក្នុងនោះចំពោះទីកន្លែង ដែលមានហានិភ័យ ត្រូវផ្អាកការរៀនសូត្រ របស់សិស្សថ្នាក់ទី១២ ប៉ុន្តែត្រូវបន្តការ បំប៉នត្រៀមប្រឡង ដោយអនុវត្តស្វ័យសិក្សា និងរៀនតាមបណ្ដុំតូចៗ។ ចំពោះទីកន្លែងដែលគ្មានហានិភ័យ ត្រូវបន្តការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការ បំប៉នត្រៀមប្រឡង ៕

To Top