នយោបាយ

២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ

ភ្នំពេញ ៖ ប្រវត្តិសាស្រ្តកម្ពុជា នៅក្នុងរយៈកាល១០០ឆ្នាំកន្លងទៅនេះ បានជួបនូវព្រឹត្តិការណ៍ បត់បែន និងចាក់ស្រេះស្មុគ្រស្មាញជាទីបំផុត ដោយសារតែឥទ្ធិពល នៃអាណានិគមចាស់និងថ្មីទំនើប ចិននិងអាមេរិក ដែលបាននឹងកំពុងប្រកួតប្រជែងគ្នានៅក្នុងតំបន់ ។ កម្ពុជា ជាប្រទេសមួយ នៅក្នុងតំបន់ ដែលចៀសមិនផុតពីការទទួលឥទ្ធិ ពលនៃមហាអំណាចទាំងពីរ ព្រមទាំងឥទ្ធិពល វៀតណាមនិងថៃផងដែរ កាលពីរាប់សតវត្សកន្លងទៅ ។

ក្រោមព្រះរាជបូនីយកិច្ចរបស់ ព្រះបិតាជាតិ សម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ អតីតព្រះមហាក្សត្រដ៏ល្បីល្បាញបំផុត បន្ទាប់ពីព្រះបាទជ័យវរ្ម័យទី៧ ដែលជា ព្រះមហាវរក្សត្រ នៃចក្រភពអង្គរ បានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយមានប្រជារាស្រ្តខ្មែរទូទាំងព្រះនគរ នាម្មីនសពមុខមន្រ្តី នៅជុំវិញ ព្រះរាជបល្ល័ង្ក ដែលមានស្វាម៉ីភក្តិចំពោះព្រះអង្គ ។ បារាំង បានដាក់អាណានិគមនៅ ប្រទេស កម្ពុជា អស់រយៈកាល៩០ឆ្នាំ ពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដល់៩ វិច្ឆិកា ១៩៥៣ ។

បើយោងតាមប្រវត្តិសាស្រ្ត កម្ពុជា ទទួលបានឯករាជ្យ និងការពារបូរណភាពទឹកដី មិនអាច ខ្វះបានពីមិត្តភក្តិបរទេសជិតឆ្ងាយ ជាពិសេសប្រទេសចិន មហាមិត្ត ដែលមានអ្នកដឹកនាំដ៏ត្រឹម ត្រូវគឺលោកប្រធានម៉ៅ សេទុង លោកនាយករដ្ឋមន្រ្តី ជូអេងឡាយ និងអ្នកកំណែទម្រង់ដ៏ ល្បី តេង ស៊ាងភីង ។ ជាពិសេសទៅទៀតនោះ លោកជូ អេងឡាយ ត្រូវបានព្រះបរមរតនកោដ្ឋចាត់ទុកជាមហាមិត្ត មហាសប្បុរសធម៌ ដែលបានជួយការពាររាជាណាចក្រកម្ពុជា មិនឲ្យបាត់បង់ពីការ ធ្លាក់ចួលទៅក្នុងយុទ្ធសាស្រ្ត សហព័ន្ធឥណ្ឌូចិន ដែលបង្កើតឡីង ដោយលោកប្រធានហូជីមិញ ដែលចង់បង្កើតរដ្ឋសហព័ន្ធ ឥណ្ឌចិនដោយយកកម្ពុជា ឡាវ នៅក្រោមការត្រួតត្រារបស់ វៀតណាម ។

ក្រោយបានឯករាជ្យ កម្ពុជា បានរស់នៅក្នុងកោះសន្តិភាព ១៧ឆ្នាំ ។ ប៉ុន្តែមិនមានន័យថា កម្ពុជា គ្មានអ្នកស្អប់ និងចង់ត្រួតត្រានោះឡើយ ។ពោលកម្ពុជា ត្រូវបានប្រវត្តិសាស្រ្ត បង្ហាញថា មានក្រុមខ្មែរជាច្រើនក្រុម ដែលបង្កើតអមិត្ត យកព្រះអង្គធ្វើជាសត្រូវ និងមានបំណង រំលាយរបបរាជានិយម ចោលទៀតផង។ គំនិតអមិត្តទាំងនោះ ដោយមានប្រទេស មហាអំណាច សហរដ្ឋអាមេរិក និងផែនការយកកម្ពុជា ដាក់នៅក្នុងសហព័ន្ធឥណ្ឌូចិន របស់លោកប្រធានហូជីមិញ កម្ពុជាពីកោះសន្តិភាព បានធ្លាក់ខ្លួន មួយប៉ព្រិចភ្នែក ក្នុងសង្រ្គាមស៊ីវិល ។ ក្រោយពី មានរដ្ឋប្រហារ របស់សហរដ្ឋអាមេរិក ដឹកនាំដោយ CIA បានលើកបន្តុបក្រុមក្បត់ លន់នល់ សិរិមតៈ ដែលមេខ្លោង រួមធ្វើរដ្ឋប្រហារក្បត់រាជបល្ល័ង្ក អោយឡើងកាន់អំណាច ហើយបានបង្កើតរបប សាធារណរដ្ឋខ្មែរជាផ្លូវការ នៅឆ្នាំ១៩៧២ ។ សង្រ្គាមស៊ីវិល បានឆាបឆេះមួយ ទូទាំងប្រទេស ដែលបានធ្វើអោយប្រជាជនខ្មែរ ស្លាប់និងរបួសរាប់មិនអស់ ព្រមទាំងរងទុក្ខនូវ ភាពខ្លោចផ្សារពីការទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក ២លាន៧សែនតោន ថែមទៀត ផង ដែលសហរដ្ឋអាមេរិក បានទម្លាក់មកក្នុ្ងងអធិបតេយ្យកម្ពុជា ក្រោមលេសកំ ទេចយៀកកុង ក្នុងអំឡុងសង្រ្គាម ក្នុងទសវត្ស ៦០ និងដើមទសវត្ស ៧០ ។

សម្តេចព្រះនរោត្តមសីហនុ ក្រោយរដ្ឋប្រហារ ១៨មីនា ១៩៧០ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ខ្មែរចូលព្រៃម៉ាគី ដើម្បីរំដោះប្រទេសចេញពីលន់ នល់ សិរិមតៈ និងចក្រពត្តិអាមេរិក។
ក្រោយកម្ពុជា ទទួលជ័យជំនះ១៧មេសា ១៩៧៥ ក្រុមប៉ុលពត អៀង សារី នួន ជា ខៀវ សំផន បានក្បត់និងព្រះអង្គ ព្រមទាំងប្រជារាស្រ្តខ្មែរ ដោយក្រុមនេះ បានបង្កើត រដ្ឋាភិបាលកម្ពុជា ប្រជាធិបតេយ្យ ហើយបានអនុវត្តនយោបាយ ប្រល័យពូជសាសន៍ កាប់សម្លាប់ប្រជាជាតិឯង ត្រឹមតែ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ស្លាប់អស់ជាង៣លាននាក់ ។

យោងតាមឯកសារ ស្តីអំពីកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់កសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ទំព័រទី២ បានសរសេរថា «នៅក្នុងកាលៈទេសៈ ដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហា ជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការ កាប់សម្លាប់ បានផ្តាច់ខ្លួនចេញពីរបបប៉ុល ពត ដើម្បីធ្វើការតស៊ូ សង្គ្រោះជាតិ ពីរបបដ៏យង់ឃ្នង់នេះ ។ ក្នុងដំណើរឆ្ពោះទៅការសង្គ្រោះជាតិ ប្រវត្តិសាស្រ្ត បានកត់ត្រា ទុកនូវព្រឹត្តិការណ៍សំខាន់ៗ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ចំពោះជាតិ គឺៈ នៅថ្ងៃទី២០ខែមិថុនា ឆ្នា១៩៧៧ សម្តេច ហ៊ុន សែន បានចេញដំណើរភៀស ខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយ ឧបត្ថម្ភក្នុងការ តស៊ូរំដោះជាតិ ,នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ១៩៧៨ កងកម្លាំងប្រដាប់ អាវុធសង្រ្គោះជាតិ កម្ពុជាតិកម្ពុជាដែលជាអង្គភាព ទ័ព រៀបចំដំបូងត្រូវបានបង្កើតឡើង,នៅថ្ងៃទី២៥ខែ ឧសភា ឆ្នាំ ១៩៧៨កងទ័ព និងប្រជាជន ទូទាំងភូមិភាគបូព៌ាបានក្រោកឈរ ប្រឆាំងនឹងរបប ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ព្រមទាំងចលនា តស៊ូដែលមាន រួច មកហើយ នៅខេត្តកោះ កុង និងនៅឦសានទិស ។ ផ្តើមចេញពីចលនាទាំងនេះ បានផ្តល់ ឱកាសដល់បង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិនាថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ដែលជាអង្គការចាត់ តាំងនយោបាយ តែមួយគត់ របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្តួលរំលំ របបប្រល័យ ពូជសាសន៍ ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិនិងកងកម្លាំង ប្រដាប់អាវុធ បដិវត្តន៍កម្ពុជា ដែលមានការ គាំទ្រពីប្រជាជននៅទូទាំងប្រទេស ព្រមទាំងទទួលបានការជួយ ឧបត្ថម្ភ ដ៏ស្មោះស ទាន់ពេល វេលាពីសំណាក់កងទ័ព ស្ម័គ្រចិត្ត វៀតណាម និងការគាំទ្រពីកម្លាំង ស្នេហាសន្តិភាព និង យុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យ ពូជសាសន៍ សម្រេចបាន មហាជ័យជម្នះជា ប្រវត្តិសាស្រ្តនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ។ ជ័យជម្នះ ៧ មករា បានសង្រ្គោះ អាយុជីវិតប្រជាជនកម្ពុជា រាប់លាននាក់ដែលនៅរង់ចាំ តែសេចក្តីស្លាប់បានទាន់ ពេលវេលា បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារ របស់ប្រជាជាតិ ដែលបានកសាងក្នុង ប្រវត្តិសាស្រ្ត រាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ បានបិទទំព័រសករាជខ្មៅងងឹត បំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជ ថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម» ។

ពិតមែនតែកម្ពុជា ទទួលបាននូវការរស់រានមានជីវិត ប៉ុន្តែសង្រ្គាមស៊ីវិលនៅបន្តឆាបឆេះ នៅ ក្នុងប្រទេសកម្ពុជា ដ៏អភព្វនៅឡើយទេ ហើយប្រទេសដ៏តូចច្រឡឹងនេះ មានរដ្ឋាភិបាលពីរ គឺ សាធារណរដ្ឋប្រជាមានិតុកម្ពុជា ដឹកនាំដោយ សម្តេចហេង សំរិន សម្តេចជា ស៊ីម និង សម្តច ហ៊ុន សែន រីឯរដ្ឋាភិបាលត្រីភាគី ដែលត្រួតត្រាទឹកដី ប្រហែលជា១០ភាគរយ នៅតាម ព្រំដែនខ្មែរថៃ ដឹកនាំដោយ សម្តេចព្រះនរោត្តមសីហនុ ។ ផ្តើមចេញពីគោលនយោបាយផ្សះផ្សារ ជាតិ បង្រួបបង្រួមជាតិ រវាងជាតិសាសន៍ ខ្មែរនិងខ្មែរ ឥស្សរជនដ៏កំពូលឆ្នើមរបស់ជាតិពីររូប គឺសម្តេចព្រះនរោត្តម សីហនុ និងសម្តេច ហ៊ុន សែន បានកំណត់យកថ្ងៃប្រវត្តិសាស្រ្ត ២ធ្នូ ១៩៨៧ ពោល៩ឆ្នាំ ក្រោយការបង្កើតរណសិរ្ស សាមគ្គីសង្រ្គោះជាតិ ២ធ្នូ ១៩៧៨ ដែលដឹកនាំ ដោយឥស្សរជន ដែលសល់ពីការកាប់សម្លាប់ របស់ខ្មែរក្រហមគឺសម្តេចហេង សំរិន សម្តេច ជាស៊ីម និងសម្តេច ហ៊ុន សែន បានជួបប្រជុំ នៅហ្វែអង់ទែដឺន័រ ប្រទេសបារាំង ។ នេះជាជំនួបលើកទី១ ជាប្រវត្តិសាស្រ្ត រវាងខ្មែរនិងខ្មែរ ដើម្បីរក មធ្យោបាយពន្លត់ភ្លើងសង្រ្គាម ដែលឆាបឆេះ ដោយសហរដ្ឋអាមេរិក សង្រ្គាមត្រជាក់ និងផែនការបង្កើត សហព័ន្ធឥណ្ឌូចិនរបស់លោកប្រធានហូជីមិញ។ ជំនួបនេះ ក៏អាចនិយាយបានមួយបែបទៀតថា ជាជំនួបក្នុងនាមអតីតព្រះមហាក្សត្រកម្ពុជា និងរាស្រ្តសាមញ្ញម្នាក់ ដែលធ្លាប់យកទីវត្តអារ៉ាម ពឹងពាក់ស្នាក់អាស្រ័យ រៀនសូត្រ និងការតស៊ូ ក្នុងជីវិត។

ផ្តើមចេញពីជំនួបរវាងអតីត មហាក្សត្រនិងបុរសវ័យក្មេង ជាអតីតកូនសិស្សលោកនេះហើយ បានធ្វើឲ្យភ្លើងសង្រ្គាមនៅកម្ពុជា បានចាប់ផ្តើមថមថយអណ្តាតភ្លើង តាមរយៈនៃការចរចា ជិត៤ឆ្នាំ ទើបភាគីខ្មែរទាំង៤ ដែលមានបដិបក្ខនិងគ្នា (រដ្ឋកម្ពុជា តំណាងភាគីរដ្ឋាភិបាលភ្នំពេញ រណសិរ្សហ៊្វុនស៊ិនប៉ិច ភាគីរណសិរ្សជាតិ រំដោះប្រជាពលរដ្ឋខ្មែរ និងកម្ពុជា ប្រជាធិបេតយ្យ ហៅថារដ្ឋាភិបាលត្រីភាគី ) ដោយមានការចូលរួម ពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេស ជាមហាអំណាចទាំង៥ លើពិភពលោក បានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាពនៅទីក្រុងប៉ារីស នាថ្ងៃ២៣តុលា ១៩៩១ ។ កិច្ចព្រមព្រៀងនេះ បានបើកផ្លូវឲ្យភាគីជម្លោះទាំង ៤ក្រុមនៅកម្ពុជា ទម្លាក់អាវុធ ចូលរួមការបោះឆ្នោតនៅកម្ពុជា ដែលរៀបចំដោយអង្គការ សហប្រជាជាតិ នៅថ្ងៃទី២៣ ឧសភា ១៩៩៣។

ក្រោយការបោះឆ្នោត កម្ពុជា បានបង្កើតឡើងវិញ នូវរបបរាជាណាចក្រទី២ មានព្រះមហាក្សត្រគ្រងរា ជ្យតាមរដ្ឋធម្មនុញ្ញ មានសភាជាតិ និង មានរាជរដ្ឋាភិបាលស្របច្បាប់ ។ ប៉ុន្តែមិនមានន័យថា ព្រះរាជាណាចក្រកម្ពុជា ទី២មានសុខ សន្តិភាពពេញលេញបរិបូនោះឡើយ ។ ពោលខ្មែរក្រហម ដែល ពហិកានៅក្នុងការបោះ ឆ្នោតឆ្នាំ១៩៩៣ បានបន្តសង្រ្គាមស៊ីវិល នៅក្នុងប្រទេសជាបន្តទៀត ។ ស្ថិតនៅក្នុងកាលៈទេសៈ ដែលកម្ពុជា មានរដ្ឋាភិបាល២ មួយស្របច្បាប់នៅភ្នំពេញនិងមួយទៀត មិនស្របច្បាប់ របស់ក្រុមឧទ្ទាមខ្មែរក្រមហនៅអន្លង់វែង ។ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ និងការ រៀបចំយុទ្ឌសាស្រ្តគ្រប់ជ្រុងជ្រោយ នៅថ្ងៃ២ធ្នូ ១៩៩៨ បានធ្វើអោយអង្គការចាត់តាំង នយោយបាននិងយោធារបស់ ក្រុមឧទ្ទាមខ្មែរក្រហម រលំរលាយ និងប្រជាពលរដ្ឋព្រមទាំងកម្លាំងប្រដាប់អាវុធ នៃក្រុមឧទ្ទាម នេះ ត្រូវបានសមាហរណកម្ម នៅក្នុងសង្គមជាតិ លើកលែងតែមេដឹក នាំកំពូលរបស់ពួកគេតែប៉ុណ្ណោះ ដែលធ្លាប់មានបាតដៃប្រឡាក់ឈាម នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ត្រូវយកមកជំនុំជំរះទោស នៅក្នុងតុលាការកូនកាត់ កម្ពុជា អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៧ ។

គណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងដឹកនាំរាជរដ្ឋាភិបាល បានកំណត់យកគោល នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែនដែលមានគុណតម្លៃ ប្រវត្តិសាស្រ្តដ៏ ធំធេង និងបានកសាងនូវវិមានឈ្នះឈ្នះ ដោយកំណត់យកថ្ងៃ២៩ធ្នូ ឆ្នាំ១៩៩៨ ជា «ទិវានយោ បាយឈ្នះឈ្នះ» ដើម្បីចារិក និងតម្កល់និម្មិតរូបវត្ថុតាងនិងសមិទ្ធផលទាំងអស់ ដែលពាក់ព័ន្ធ ទុកជាការចងចាំ និងមេរៀនសម្រាប់មនុស្សជំនាន់ក្រោយចងចាំទុក ។

នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ១០០ឆ្នាំចុងក្រោយ ដែលកម្ពុជា បានទប់ទល់និងឥទ្ធិពលមហា យក្សឆ្ងាយនិងជិត ប្រជាជនកម្ពុជា ទាំងបច្ចុប្បន្ននិងទៅអនាគត ត្រូវចងចាំទុកក្នុងចិត្ត និងចារិត ទុកក្នុងប្រវត្តិសាស្រ្តថា ថ្ងៃ៩វិច្ឆិកា ១៩៥៣ ២ធ្នូ ១៩៧៨ ២ធ្នូ ១៩៩៨ គឺជាព្រឹត្តិការណ៍ ដែល មិនអាចបំភ្លេចបាន ដែលបានធ្វើអោយកម្ពុជាគេចផុត ពីការឋិតនៅក្រោម សហព័ន្ធឥណ្ឌូចិន ដឹកនាំដោយវៀតណាម ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែក ហើយក៏មិនអាចបំភ្លេចបាននូវ ការការពារពីសំណាក់ មហាមិត្តចិន ដែលជាសម្ព័ន្ធមិត្ត មិនអាចខ្វះបាន ព្រមទាំងប្រទេសជា មិត្តនៅក្នុងតំបន់ និងលើពិភពលោក ដែលបានជួយអភិវឌ្ឍប្រទេស ធ្វើអោយសេដ្ឋកិច្ចមាន ការរីកចំរើនលូតលាស់ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ គ្រប់ផ្នែក ។

ដូច្នេះនៅក្នុងប្រវត្តិសាស្រ្ត១០០ឆ្នាំ នៃកម្ពុជា «ប្រសិនបើគ្មាន២ធ្នូ ១៩៧៨ ៩វិច្ឆិកា ១៩៥៣ ក៏គ្មានជីវិត ឡើងវិញដែរ ព្រោះលន់នល់ សិរិមតៈ និងខ្មែរក្រហម បានសម្លាប់បាត់ ទៅហើយ និងព្រឹត្តិការណ៍បន្តបន្ទាប់មកទៀត បើគ្មាន២ធ្នូ១៩៧៨ ក៏គ្មានអ្វីៗកើតឡើងដែរ» ។ ជាសេចក្តីសន្និដ្ឋាន ២ធ្នូ ១៩៧៨ ជាកូនកត្តញ្ញូ ដែលបានធ្វើអោយរាជាណាចក្រកម្ពុជា បោះជំហានទៅមុខ ឆ្ពោះទៅមុខការរីកចំរើន និងបោះសំឡេងនៅក្នុងតំបន់ និងលើពិភពលោក ។ សូមទិវា២ធ្នូ ១៩៧៨ ដែលជាស្នាដៃពិតប្រាកដ របស់អ្នកដឹកនាំខ្មែរបច្ចុប្បន្ន ជាមេដឹកនាំកំពូលនៃគណបក្ស ប្រជាជនកម្ពុជា ដែលបានងើបចេញពីរបប ប្រល័យពូជសាសន៍ កាប់សម្លាប់ ឋិតឋេរជានិរន្ត នៅក្នុងក្រអៅបេះដូងកូនខ្មែរ ៕

https://www.facebook.com/dapnewsfb/videos/2462362834028374

ដោយ៖ សយ សុភាព

To Top