ព័ត៌មានជាតិ

មន្ដ្រីជំនាញ រកឃើញសារធាតុមេតាណុល ក្នុងស្រា សធ្វើឲ្យពលរដ្ឋពុល នៅកំពង់ឆ្នាំង

ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្មបានរកឃើញវត្តមានសារធាតុ មេតាណុលក្នុងស្រា ករណីពុល នៅខេត្តកំពង់ឆ្នាំង ដែលសង្ស័យថាបណ្តាលមកពីការទទួលទានស្រា។នេះយោងតាមរយៈ បណ្ដាញសង្គមហ្វេសប៊ុករបស់ ក.ប.ប នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ ។

ការចុះស្រាវជ្រាវនេះ បន្ទាប់ពីទទួលបានព័ត៌មានពីករណីពុល នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះមន្ត្រីជំនាញអគ្គនាយកដ្ឋានក.ប.ប.បានសហការជាមួយភាគីពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេតទីតាំងកើតហេតុ ស្ថិតក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុល និងសិប្បកម្មផលិតផលស្រា ចំនួន៨កន្លែង ។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះធ្វើការសាកសួរព័ត៌មានសាវតាពាក់ ព័ន្ធនៃការពុល និងបានប្រមូលនិងដកយកគំរូសំណាក ស្រាសរុបចំនួន៧៣គំរូ ( ១៨គំរូទទួលពីស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង និង៥៥គំរូ ទទួលបានពីទីតាំងសិប្បកម្ម៨កន្លែង) មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន ក.ប.ប.។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មិនមានប្រភព ច្បាស់លាស់ និងមានតម្លៃទាបហួសហេតុ (មិនសម ស្របតាមតម្លៃទីផ្សារ)ដែលអាចជាហានិភ័យបង្កគ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ។

មន្ត្រីជំនាញ បន្ដថា ក្នុងកំឡុងពេលមានការរីក រាលដាលនៃជំងឺកូវីដ-១៩ បរិមាណនៃការប្រើប្រាស់អាល់កុល មានការកើនឡើង ដូច្នេះហើយមានការផលិតអាល់កុលច្រើន ធ្វើឲ្យការផ្គត់ផ្គង់ស្រាស មានការធ្លាក់ចុះ ជាហេតុធ្វើឲ្យជនឱកាសនិយម ឆ្លៀតយកសារធាតុមេតាណុល មកបន្លំធ្វើស្រាស ឬ អាល់កុល។

ក្នុងករណីសង្ស័យមានក្លែងបន្លំ ប្រជាពលរដ្ឋ អាចធ្វើការទំនាក់ទំនងមកកាន់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦។

សូមបញ្ជាក់ថា ករណីពុលស្រានេះ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួន ១៣១នាក់ អ្នកជាសះស្បើយចំនួន ៩០នាក់, កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បុរសចំនួន ៣១នាក់, សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់, អ្នកស្លាប់ចំនួន ៧នាក់៕

To Top