ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វេីការអំពាវនាវទៅដល់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវផ្ដល់ព័ត៌មានជាក់លាក់ដល់ក្រុម គ្រូពេទ្យដេីម្បីងាយស្រួលក្នុងការរុករកប្រភពដេីមនៃការចម្លងវិរុសកូវីដ-១៩ ក្នុងសហគមន៍។
តាមរយៈ សារសំឡេង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «សូមបងប្អូនយេីងអ្នកដែលប៉ះពាល់ផ្ទាល់ (ប៉ះពាល់ ព្រឹត្តិការណ៍ ២៨ វិច្ឆិកា) ទាំងអស់នេះ សូមឲ្យមានភាព ស្មោះត្រង់ ក្នុងការជម្រាបជូននូវព័ត៌មានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់ខ្លួននេះដេីម្បីជួយសម្រួលក្នុងការរុករកស្រាវជ្រាវប្រភពនៃការឆ្លងវិរុសកូវីដ-១៩នេះបានលឿន»។
លោកស្រីបន្ដថា «កាលណាយេីងទុកក្នុងរុករកនេះ កាន់តែយូររកក៏ឃេីញ ហេីយលទ្ធភាពក្នុងការចម្លងបន្ដទៀត មានលក្ខណៈ ទ្រង់ទ្រាយពិបាកដែរ ដែលយេីងពិបាកប្រមាណ តេីទំហំនៃការរាលត្បាត និងទំហំនៃការចម្លងមានកំរិតប៉ុណ្ណា?»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន៣២៦នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយទូទាំងប្រទេស ចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕