ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារអបអរសាទ ខួប៥ឆ្នាំ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២០) នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកំសាន្ត។
សម្ដេចតេជោបញ្ជាក់ថា ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរហើយយើងអាចឃើញ ភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។ សម្ដេចថា កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕
ដោយ៖ អេង ប៊ូឆេង