ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នស្វាយស្រស់រប ស់កម្ពុជា ត្រូវបានចាប់ផ្ដើមដឹកជញ្ជូន ទៅកាន់ទីផ្សារប្រទេសចិនហើយ បន្ទាប់ពីក្រសួងកិសកម្ម និងអគ្គរដ្ឋបាលគយចិន ចុះហត្ថលេខា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារចិន។
តាមរយៈ បណ្ដាញសង្គមហ្វេសប៊ុករបស់ លោក វេង សាខុន នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា «ការ ចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុន ហ៊ុនទី នៅ កម្ពុជា។
ដោយបានពិនិត្យឃើញ នូវឱកាសវិនិយោគ លើវិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ហ៊ុនទី បានចាប់ផ្តើមបោះទុន វិនិយោគលើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសំអាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិត ផលកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០១៧»។
លោកបន្ដថា បើតាមការបញ្ជាក់របស់ក្រុមហ៊ុន នៅថ្ងៃទី៣ ធ្នូ នេះ បានឲ្យដឹងថា ក្រោយពីបញ្ចប់នៃការសាងសង់ និងដំឡើងឧបករណ៍ សម្លាប់សមាសភាពចង្រៃ (ពងរុយ) នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូន ស្វាយពីចំការមកសំអាត និងវេចខ្ចប់ ដោយបានចាប់ផ្តើម បណ្តុះបណ្តាលកម្មករ ចំនួន៧០នាក់ ជាបឋម។ ដោយត្រូវប្រើប្រាស់ រយៈពេល៣ថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយ Container ។
ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ ពីការលៀងសំអាត និងវិចខ្ចប់ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ នឹងជួយដល់ក្រុមហ៊ុន បង្កើនល្បឿន នៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន នាពេលខាងមុខ។
សូមរំលឹកថា បន្ទាប់ពីក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន ចុះហត្ថលេខា កាលពីថ្ងៃទី៩ មិថុនា ស្តីពីលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់ប្រទេសចិន រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យ ស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់ សម្រាប់នាំចេញផ្លែស្វាយស្រស់ កម្ពុជាទៅកាន់ប្រទេសចិន ចំនួន៤៨ក្រុមហ៊ុន /ម្ចាស់ចម្ការ /សហគមន៍កសិកម្ម៕
ដោយ ៖ អេង ប៊ូឆេង