ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំឲ្យសមត្ថកិច្ច រឹតបន្តឹងករណីល្មើសច្បាប់ ក្នុងការចតយានយន្ដ មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងប្រើប្រាស់ចិញ្ចើមផ្លូវ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការណែនាំឲ្យ សមត្ថកិច្ចរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការ ចតយានយន្ត មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត។

យោងតាមសេចក្ដីណែនាំរបស់ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ សម្ដេច ស ខេង បានកោតសរសើរ ចំពោះស្មារតីយកចិត្តទុកដាក់ បំពេញភារកិច្ចដ៏ថ្លៃថ្លា ប្រកបដោយស្មារតីទទួលខុសត្រូវ របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យ រឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយអប់រំច្បាប់ ដែលបាននាំឲ្យទទួលបាន លទ្ធផលជាវិជ្ជ មាន។

សម្ដេច ស ខេង បញ្ជាក់យ៉ាងដូច្នេះថា «ត្រូវ បង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើស ក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះចរាចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។

ជាងនេះទៅទៀត សម្ដេច ស ខេង ក៏បានលើកឡើងថា ទោះបីស្ថានភាពចរាចរណ៍ផ្លូវគោក ហាក់មានភាពប្រសើជាងមុនក្តី ក៏ប៉ុន្តែគេពិនិត្យឃើញថា គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក នៅតែបង្កហានីភ័យខ្ពស់ ធៀបទៅនឹងគ្រោះថ្នាក់សង្គមនានា ដែលបណ្តាលឲ្យបាត់បង់ជីវិត រងរបួសខូចខាតទ្រព្យសម្បត្តិ និង ប៉ះពាល់ដល់ជីវភាព នៃគ្រួសាររងគ្រោះ ជាច្រើននាក់ផងដែរ។ដូចនេះដើម្បីកាត់បន្ថយ ហានីភ័យនេះឲ្យថយចុះ និងដើម្បីជំរុញការរក្សាសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែល្អប្រសើរថែមទៀត។

សម្ដេច បន្ថែមថា ត្រូវបង្កើនការរឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក តាមផែនការសកម្មភាព ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ របស់អនុគណៈកម្មការទី២ និងតាមបទពិសោធន៍ជាក់ស្តែង ដោយផ្តោយលើមុខសញ្ញាបង្កគ្រោះថ្នាក់ មូលហេតុនាំឲ្យមានគ្រោះថ្នាក់ ពេលវេលា និងទីកន្លែងដែលកើតឡើង នូវហេតុការណ៍គ្រោះថ្នាក់ ដើម្បីដាក់ចេញនូវវិធានការឲ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់។

សម្ដេច បន្ដថា ជាមួយគ្នានេះ ត្រូវចាត់ស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្ក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការ និងត្រូវចែករំលែកព័ត៌មានសាវតារជាតិ របស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធ ឲ្យបានជ្រាប និងចូលរួមសហការ។

សូមរំលឹកថា ការរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ដោយក្នុងរយៈពេល ១០ខែ ឆ្នាំ២០២០ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួន៧៧៨លើក ស្មើ២៣% អ្នកស្លាប់បានថយចុះ ចំនួន២៨៨នាក់ ស្មើ១៧% និងអ្នករបួសថយចុះ ១២០៧នាក់ ស្មើ២៣% បើប្រៀបធៀបរយៈពេលដូចគ្នា នាឆ្នាំ២០១៩៕ ដោយ អេង ប៊ូ ឆេង

To Top