ភ្នំពេញ៖ ដោយមានការ យកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ យុទ្ឋសាស្រ្តសំខាន់ៗ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសការគិតគូរ ពីតម្រូវការសង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រាន់តែក្នុងរយៈពេល ១ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្តល់ជូនគោលរបប ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា នូវថវិកា សរុបប្រមាណជាង ២.៨ពាន់លានរៀល តាមរយៈ ប.ស.ស. បានបើកផ្តល់ជូន ស្រ្តីសម្រាលកូន ចំនួន៧ ០១៤នាក់ មានចំនួនកូនសរុប ៧ ០៦៧នាក់ នេះបើយោងតាមរបាយការណ៍ របស់ការិយាល័យតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។
ទាំងនេះ គឺជាការយកចិត្តទុកដាក់ យ៉ាងខ្ពស់បំផុត ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ ពីសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ និយោជិត។ បើទោះបីជាមាន ការវាយតម្លៃខ្ពស់ និងទទួលបានការកោតសរសើរ ពីប្រមុខ រាជរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រ ពីសំណាក់ បងប្អូនកម្មករនិយោជិត ជាសមាជិកយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងស្មារតី ទំនួលខុសត្រូវខ្ពស់ ដែលរាជរដ្ឋាភិបាល ប្រគល់ជូន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មានឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បាន និងកំពុងបន្តដឹកនាំអនុវត្ត ដោយធ្វើយ៉ាងណា ឱ្យការផ្តល់សេវាគាំពារ សង្គមមួយនេះ កាន់តែមានភាពល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនបងប្អូនកម្មករ និយោជិតជាសមាជិករបស់ខ្លួន។
គួររំលឹកផងដែរថា៖ ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាលត្រូវអនុវត្ត តាមសេចក្តីណែនាំដូចខាងក្រោម៖
ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទ នៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេល យ៉ាងយូរ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួនត្រូវភ្ជាប់មក ជាមួយនូវលិខិតពិនិត្យ ផ្ទៃពោះដែលបានបញ្ជាក់ កាលបរិច្ឆេទត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិកប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌ សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ ច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ទី៣. ករណីសាមីខ្លួនមិនបាន មកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
ទី៤. សាមីខ្លួន ឬសាច់ញាតិ ត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនង បន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋាន សុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស. ៕