ព័ត៌មានជាតិ

ជិត១ឆ្នាំនេះ ការចិញ្ចឹមសត្វរបស់កម្ពុជា មានជាង៤២ ទៅ៤៩លានក្បាលកើនឡើងជាងឆ្នាំ២០១៩

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ផលិតកម្មចិញ្ចឹមសត្វទាំង ជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម (គោ-ក្របី ជ្រូក និងបក្សី) មានការកើនឡើងសរុប ១៧,៦០% ពី ៤២ ០២២ ១៣៧ក្បាល ទៅ ៤៩ ៤២៣ ៥៥៨ក្បាល បើធៀបទៅនឹងឆ្នាំ២០១៩។ នេះបើតាមការបង្ហាញរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោកថា ចំនួននេះ បង្ហាញពីសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ ។

រដ្ឋមន្រ្តីឲ្យដឹងទៀតថា ទន្ទឹមនឹងនេះ កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ២០២០ មានចំនួន ១ ២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន ៦៨១កន្លែង មានសត្វក្នុងស្តុក ១៧ ១៣៤ ៥៨៨ក្បាល កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥,៦០%។

រីឯកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន ៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១ ៣៣៩ ២១០ក្បាល កើនឡើង ១៥,៩០% បើធៀបនឹងឆ្នាំ២០១៩។ 

ចំពោះកសិដ្ឋានចិញ្ចឹមគោ-ក្របីគឺមានសរុប ៥៤កន្លែង និងមានសត្វក្នុងស្តុកចំនួន ១២ ៩៧៤ក្បាលផងដែរ៕

To Top