ព័ត៌មានជាតិ

សម្ដេចតេជោ៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនគួរប្រទេសណាមួយឆ្លៀត យកមកអនុវត្តជារបៀបវារៈ ភូមិសាស្ត្រនយោបាយឡើយ (វីដេអូ)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេស ណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈ ភូមិសាស្ត្រនយោបាយរបស់ខ្លួនឡើយ ខណៈជីវិតមនុស្សរាប់លាននាក់ ទូទាំងពិភពលោកកំពុងស្ថិតក្នុងហានិភ័យ។

ក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» នៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បាន ឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងធ្វើឲ្យមនុស្សរាប់សែននាក់ បាត់បង់ជីវិត។

សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងន័យនេះ កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវ បានប្រទេសណាមួយឆ្លៀតយក មកអនុវត្តជារបៀបវារៈ ភូមិសាស្ត្រនយោបាយ របស់ខ្លួននោះឡើយ។ ខណៈដែលជីវិត មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកកំពុង ស្ថិតនៅក្នុងហានិភ័យ ការធ្វើនយោបាយរបស់ប្រទេសណាមួយលើ បញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេ លើសមត្ថភាពគ្រប់គ្រង ការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោ ជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ ។ ផ្ទុយទៅវិញ សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាន នៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ»។

សម្ដេចតេជោ បន្ដថា ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា ប្រកប ដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ, គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ទោះជារដ្ឋនោះ ធំ ឬតូច មានឬក្រក៏ដោយ ដោយមានអសប និងអង្គការសុខភាពពិភពលោកជាស្នូល។ សម្ដេច គូសបញ្ជាក់នូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះតួនាទីរបស់ អសប និងអង្គការសុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកល ចំពោះការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ។

សម្ដេចតេជោបន្ថែមថា លើសពីនេះទៀត កម្ពុជាក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់បំផុតសម្រាប់ការ ធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈ និងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយ ក្នុងស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេសចំពោះប្រទេស ដែលងាយរងគ្រោះបំផុត។ ទោះបីជាវិបត្តិសុខភាពសាធារណៈ នេះអាចនឹងបញ្ចប់ទៅនាពេលអនាគតខ្លីខាងមុខ ប្រទេសទាំងអស់ នឹងនៅតែត្រូវដោះស្រាយ បន្តទៀតនូវបញ្ហាប្រឈម ក្នុងដំណាក់កាលនៃការស្ដារសម្បទា សេដ្ឋកិច្ចឡើងវិញ។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកឡើងថា ជាការពិត ជំនួយអាចជាចំណែកតូចមួយនៃការស្តារ នេះ ក៏ប៉ុន្តែកត្តាដែលសំខាន់មិនអាចខ្វះបានគឺ ការបន្តរក្សាបាននូវយន្តការពហុភាគីនិយម សកលភាវូបនីយកម្មនិយម ពាណិជ្ជសរីភាវូបនីយកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ, ទេសចរណ៍អន្តរជាតិ និងការធ្វើដំណើរជាទូទៅ។

ក្នុងន័យនេះកម្ពុជាគាំទ្រពេញទំហឹង នូវគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការ អសប អំពីការបង្កើតមូលនិធិ អសប សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានដាក់ចេញកាលពី ដើមឆ្នាំនេះ៕

ដោយ ៖ អេង ប៊ូឆេង

To Top