ភ្នំពេញ ៖ សហរដ្ឋអាមេរិកបាន ផ្តល់ថវិកាជាង១១លាន ដុល្លារទាក់ទងនឹងមេរោគកូវីដដល់ប្រទេសកម្ពុជាដែល ជាចំនួនលើសពីចំនួនផ្តល់ ដោយប្រទេសជាដៃគូដទៃ។នេះបើតាមហ្វេសប៊ុករបស់ ទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
ស្ថានទូតបន្តថា “គិតចាប់តាំងពីជំងឺរាតត្បាត ជាសាកលនេះបានចាប់ ផ្តើមកើតមាន សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លា ជាជំនួយទាក់ទងនឹងមេរោគកូវីដ ដល់ប្រទេសកម្ពុជា ដែលជាចំនួនលើសពីចំនួន ផ្តល់ដោយប្រទេសជាដៃគូដទៃណាទាំងអស់”។
ក្នុងនោះ ស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលណែនាំទាំងអស់ទាក់ទងនឹងសុខភាព សាធារណៈរបស់ប្រទេសកម្ពុជា។
ទូតបង្ហាញទៀតថា សូម្បីតែនៅក្នុងអំឡុងពេលនៃ រោគរាតត្បាតជាសាកលនេះក្តី ក៏សហរដ្ឋអាមេរិកបាន រួមចំណែកនូវថវិកាចំនួន ៧០០ ០០០ ដុល្លារ ដែរ សម្រាប់បំពេញតម្រូវការក្នុងគ្រាបន្ទាន់ នៅតាមសហគមន៍ ដែលរងការប៉ះពាល់ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ។
ទីភ្នាក់ងារការពារ និងកម្ចាត់ជំងឺរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្នែកសុខភាពសាធារណៈដទៃទៀតរបស់សហរដ្ឋអាមេរិក មានភាពជាដៃគូដ៏យូរ ជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការស្ថាប័នពាក់ព័ន្ធដទៃទៀត ដោយរួមមានកម្មវិធីកសាងសមត្ថភាពក្នុងការតាមរកអ្នកមានការពាក់ព័ន្ធ និងអង្កេតមើលជំងឺឆ្លង។
សូមបញ្ជាកើថា តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ចំនួនជាង ២ ពាន់លានដុល្លារ នៅកម្ពុជា តាមរយៈកម្មវិធីជាច្រើនរួមមាន៖ កម្មវិធី លើកកម្ពស់សុខភាព ការអប់រំ កសិកម្ម ការការពារបរិស្ថាន ការពង្រឹងអភិបាលកិច្ច និងសិទ្ធិមនុស្ស៕