ព័ត៌មានជាតិ

EU ផ្ដល់៣,៤៥លានដុល្លារមកកម្ពុជា ដើម្បីគាំទ្រ ប្រយុទ្ធប្រឆាំងកូវីដ-១៩

ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) បានផ្ដល់ថវិកា ចំនួន៣,៤៥លានដុល្លារ មកដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ផែនការ ឆ្លើយតបថ្នាក់ជាតិ នៃការប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីឆ្លើយតបរបស់ក្រុមអឺរ៉ុប ទៅលើជំងឺកូវីដ-១៩ សហភាពអឺរ៉ុប ប្រកាសផ្តល់មូនិធិជា ទឹកប្រាក់សរុបចំនួន២០ លានអឺរ៉ូ សម្រាប់គាំទ្រដល់ប្រព័ន្ធសុខាភិបាល នៅសហគមអាស៊ាន។

ជាងនេះទៅទៀត សហភាពអឺរ៉ុប ក៏បានប្រកាសបើក ដំណើរការនូវកម្មវិធីថ្មីមួយ ដើម្បីជួយគាំទ្រដល់ប្រព័ន្ធ សុខាភិបាលរបស់ដៃគូអភិវឌ្ឍទាំង៨ របស់សហភាពអឺរ៉ុប ដែលស្ថិតក្នុងតំបន់អាស៊ាន។ កម្មវិធីឆ្លើយតប និងការត្រៀមបង្ការជំងឺរាតត្បាត នៅតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវអនុវត្តកម្មវិធីដោយអង្គការសុខភាព ពិភពលោក ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ នឹងអាជ្ញាធរជាតិ និងលេខាធិការដ្ឋានអាស៊ាន។

សហភាពអឺរ៉ុប បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងចំណែកនៃថវិកាសកល ចំនួន២០លានអឺរ៉ូ ថវិកាចំនួន២,៨៥លានអឺរ៉ូ (៣,៤៥លានដុល្លារ) នឹងត្រូវចំណាយ នៅក្នុងប្រទេសកម្ពុជា។កម្មវិធីនេះ នឹងត្រូវអនុវត្តដោយការិយាល័យអង្គការ សុខភាពពិភពលោក នៅភ្នំពេញ និងសហការជាមួយ ក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ផែនការឆ្លើយតប ថ្នាក់ជាតិនៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩»៕

To Top