ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានវិធានការជាក់លាក់ និងម៉ឺងម៉ាត់ជាបន្តបន្ទាប់ដើម្បី ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជា ការឆ្លើយតបទឹកជំនន់ថ្មីៗ ដោយឃើញសន្ទុះនៃការចូលរួម ដោយស្ម័គ្រចិត្តយ៉ាងច្រើនផងដែរ។
ក្នុងសារលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ «ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន» ចេញផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងបរិបទកូវីដ-១៩ អ្នកស្ម័គ្រចិត្តរបស់ចលនា អន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាអ្នកមានបទពិសោធន៍ ជ្រៅជ្រះក្នុងការងារគ្រោះមហន្តរាយ គឺពុំបាននឿយណាយឡើយ ក្នុងការបន្តស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ ពោលគឺអ្នកស្ម័គ្រចិត្តបាននិងកំពុងខិតខំ ប្រឹងប្រែងជួយដល់សហគមន៍ងាយ រងគ្រោះទាំងឡាយ ក្នុងការជំនះឲ្យ បានវិបត្តិភ័យនៃជំងឺរាតត្បាត ជាសកលដ៏កាចសាហាវមួយនេះ។
សម្ដេច មានប្រសាសន៍ថា «ជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជាយើង ទន្ទឹមនឹងសេចក្តីសម្រេចជាយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលរួមជាមួយវិធានការជាក់លាក់ និងម៉ឺងម៉ាត់ជាបន្តបន្ទាប់ដើម្បី ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅ ក្នុងសហគមន៍ ក៏ដូចជា ក្នុងការឆ្លើយតបទឹកជំនន់ថ្មីៗនេះ យើងបានឃើញសន្ទុះនៃការ ចូលរួមដោយស្ម័គ្រចិត្ត នៅក្នុងគ្រ ប់ស្រទាប់នៃកងកម្លាំងរបស់រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ សប្បុរសជន វិស័យឯកជន មន្ត្រីរាជការ ចលនាយុវជន»។
សម្ដេចបន្ដថា ចងជាកម្លាំងសាមគ្គីភាព ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំជួយសម្រាលបន្ទុក ដ៏ធ្ងន់របស់រាជរដ្ឋាភិបាល។ ក្នុងនោះកម្លាំងស្ម័គ្រចិត្តរបស់ កាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់តាំងពីគណៈកិត្តិយសសាខា អនុសាខា គណៈកម្មា ធិការសាខា-អនុសាខា មន្ត្រី យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើសកម្មភាពដូចភ្លៀងរលឹម ក្នុងកិច្ចសហការជាមួយ អាជ្ញាធរមូលដ្ឋានចូលរួមអនុវត្ត វិធានការនានារបស់ក្រសួងសុខាភិបាល ជួយសម្រាលជីវភាព ប្រជាពលរដ្ឋងាយរងគ្រោះ ដោយការទទួលខុសត្រូវខ្ពស់។
សម្ដេចបន្ថែមថា ជាការពិតណាស់ ដោយសារស្មារតីសាមគ្គីភាព និងឆន្ទៈខ្ពស់ក្នុង ការស្ម័គ្រចិត្តរបស់ជនរួមជាតិ នេះហើយ ទើបកម្ពុជាសម្រេចបាន ជោគជ័យក្នុងគ្រោះមហន្តរាយទឹកជំនន់កន្លងមក និងក្នុងការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ពុំមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ និងបញ្ចប់បានព្រឹត្តិការណ៍ ៣ វិច្ឆិកា បានដោយជោគជ័យ ធ្វើឲ្យ កម្ពុជា ជាប្រទេសលេខ១ នៅអាស៊ី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ជាងនេះទៅទៀត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានលើកឡើងថា ជាមួយនឹងជោគជ័យនេះ សម្ដេចថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈ គ្រូពេទ្យកម្ពុជា បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងឡាយ ដែលជាទ័ពជួរមុខដ៏សកម្ម មិនខ្លាចនឿយហត់ និងគ្រោះថ្នាក់សោះឡើយដើម្បីកម្ពុជា កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ រួមទាំងគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការ សាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្ម ដើម្បីសុខុមាលភាពសង្គម និងសុខភាពសាធារណៈ ទប់ស្កាត់បានមិនឲ្យកូវីដ-១៩ កើតមានក្នុងសហគមន៍។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៣៤៥នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយទូទាំងប្រទេស ចំនួន៣០៥នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន៦នាក់៕
ដោយ៖ អេង ប៊ូឆេង