ព័ត៌មានជាតិ

អរគុណសន្តិភាព និងអរគុណបងប្អូន ទាំងអស់គ្នា ដែលបានរួមគ្នា អនុវត្តវិធានការ ប្រឆាំងមេរោគកូវីដ១៩

អរគុណសន្តិភាព និងអរគុណបងប្អូនទាំងអស់គ្នា ដែលបានរួមគ្នា អនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ព្រោះសុខភាពយើង គឺជាសុខភាពរបស់គ្រួសារនិងប្រទេសជាតិ។ សូមបងប្អូនពាក់ម៉ាស់ ដុសលាងសម្អាតដៃ អោយបានជាប្រចាំ ទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះ កុំអោយមេរោគកូវីដ១៩ នេះមកបៀតបៀនខ្លួនយើងអោយសោះ។

បងប្អូនចាំបានទេ បុគ្គលម្នាក់ (ជាទាហាន) ដែលបានប្រព្រឹត្តិអំពើហឹង្សាដោយចេតនា ទៅលើអ្នកមីង អ៊ិត រុំ អាយុ ៥៨ឆ្នាំ កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅ នៅខេត្តកំពង់ស្ពឺ ហើយបានគេចខ្លួន ចូលក្នុងបន្ទាយមួយនៅខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្នហើយ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណលោកអភិបាលខេត្តកំពង់ស្ពឺ លោកស្នងការខេត្តកំពង់ស្ពឺ និងតុលាការខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ ខិតខំផ្តល់យុត្តិធម៌អោយប្រជាពលរដ្ឋទន់ខ្សោយ គឺអ្នកមីង អ៊ិត រុំ អាយុ ៥៨ឆ្នាំ ដែលរងគ្រោះដោយអំពើហិង្សា ដោយចេតនាដែលប្រព្រឹត្តដោយបុគ្កលមានអំណាចម្នាក់។

សូមបងប្អូនទាំងអស់គ្នា ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមលុបបំបាត់និទន្តភាព និងអំពើហឹង្សាគ្រប់រូបភាព ជាពិសេសមកលើស្រ្តីនិងកុមារ ហើយត្រូវលុបបំបាត់វប្បធម៌អន្តរាគមន៍ ដោយបំពានជួយជនខូចខិល អោយរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀតយើងត្រូវចូលរួមលុបបំបាត់វប្បធម៌ចាស់កំរិល ដែលប្រព្រឹត្តបទល្មើសហើយ រត់ចូលបន្ទាយ ហើយយកឈ្មោះបន្ទាយ ឬក្រសួងស្ថាប័ន មកកាងការពារខ្លួន ទាំងបំពានច្បាប់ ព្រោះបទល្មើសដែលប្រព្រឹត្ត ដោយបុគ្គលមិនពាក់ព័ន្ធនឹងអង្គភាពរបស់រដ្ឋទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកមិនចង់ឃើញពលរដ្ឋស្លូតត្រង់ក្រីក្ររបស់លោក ត្រូវបានបំពារបំពាន ដោយអ្នកមានអំណាចណាមួយឡើយ។ ច្បាស់ណាស់ បើការបំពារបំពាននៅតែធ្វើបានជាបន្តបន្ទាប់ គឺកាន់តែលើកទឹកចិត្ត អោយបុគ្គលនោះ កាន់តែបានចិត្តហើយមិនខ្លាចច្បាប់ឡើយ។

ខ្ញុំបាទ សូមគោរពអរគុណសម្តេចតេជោ ដែលខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីសេចក្តីសុខរបស់ពលរដ្ឋ។ ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នា ជាមន្រ្តីរបស់សម្តេច យើងត្រូវខិតខំអោយអស់ពីលទ្ធភាពនឹងកម្លាំងកាយចិត្ត ដើម្បីជួយបន្ធូរបន្ទុករបស់លោក កុំអោយលោកឈឺក្បាលដោយសារការងារ ដែលជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា នៅខាងក្រោម។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេក Duong Dara)



To Top