ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនាលូរំដោះទឹក ចេញពីក្រុងកំពង់ចាម ខណ:លទ្ធផល សាងសង់បាន ៨០ភាគរយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ មន្ត្រីជំនាញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូឆ្នាំ ២០២០ នេះ បានចុះពិនិត្យ ការស្ថាបនាឡើងវិញ លូរំដោះទឹកចេញពីក្រុងកំពង់ចាម ស្ថិតនៅសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានបាក់ស្រុត ក្នុងរដូវវស្សា នាពេលកន្លងមក ។

បើតាមលោក ប៊ុនលី ប្រធានការិយាល័យលូ និងស្ថានីយចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា លូរំដោះទឹកនោះមកដល់បច្ចុប្បន្ន សាងសង់បានលទ្ធផល ៨០ភាគរយហើយ នឹងគ្រោងសាងសង់បង្ហើយ នៅពាក់កណ្ដាល ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ។

លោក ប៊ុនលី បានបន្តថា ការស្ថាបបន្តដោយត្រូវចាក់បេតុង ជុំវិញចង្កេះប្រព័ន្ធលូថ្មី និងចាក់បេតុងគ្រប់ពីលើមួយជាន់ទៀត មានប្រវែង ៨០ម៉ែត្រ ចាប់ពីមាត់អណ្ដូងលូចាស់ ទៅដល់ក្នុងទន្លេ ហើយត្រូវប្រើប្រាស់ប្រព័ន្ធលូមុខ៣ ដែលមានមុខកាត់លូនីមួយៗ មានទំហំ ០,៨ ម៉ែត្រ និងសង់អណ្ដូងលូបណ្ដែត ចំនួន២បន្ថែមទៀត ដើម្បីការពារការស្ទះទឹកហូរ។

គួររំលឹកផងដែរថា ដោយសារជំនន់ទឹកភ្លៀង កាលពីវេលារំលងអាធ្រាត្រ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចលូរបង្ហូរទឹក នៃសួនច្បារមាត់ទន្លេនោះ បានបាក់ស្រុត ហើយករណីនោះ ត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា បណ្ដាលមក ពីប្រព័ន្ធលូបង្ហូរទឹក មានសភាពចាស់ទ្រុឌទ្រោម ពោលគឺ ប្រព័ន្ធលូនេះបានសាងសង់ឡើង តាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ ម្យ៉ាងទៀតនៅយប់កើតហេតុ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ ៕

To Top