ភ្នំពេញ ៖ លោក Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលបញ្ចប់អាណត្តិនៅកម្ពុជា បានកោតសរសើរ ចំពោះការងារបោសសម្អាតមីន នៅកម្ពុជា ដែលបានចូលរួមផ្តល់ដីសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ព្រមទាំង គាំពារដល់សុខសន្តិភាព និងការអភិវឌ្ឍ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក លី ធុជ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក Michael Tan បានថ្លែងថា «សូម ថ្លែងអំណរគុណ ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងគាំទ្រចំពោះបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជា នាពេលកន្លងមក និង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការងារបោសសម្អាតមីន នៅកម្ពុជា ដែលបានចូលរួមផ្តល់នូវដីសុវត្ថិភាព ដល់ប្រជាពលរដ្ឋ គាំពារដល់សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា» ។
ចំណែក លោក លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសសឹង្ហបុរី ដែលបានការចូលរួមជា មួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចសហប្រតិបត្តិការ កសាងធនធានមនុស្ស ការអភិវឌ្ឍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាដើម។ ជាពិសេស បានចូលរួមផ្តល់នូវការដឹកនាំ គ្រប់គ្រង និងគាំទ្រយ៉ាង សកម្មដល់មជ្ឈមណ្ឌល ARMAC៕