ព័ត៌មានជាតិ

គ.ជ.ប ប្តឹង អនុប្រធានទី១ (LDP) ទៅតុលាការ ពីបទបរិហាកេរ្តិ៍

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ បាន ដាក់ពាក្យប្តឹងបុគ្គលឈ្មោះអ៊ី សាំងឡេង មានតួនាទីជាអនុប្រធានទី១ នៃគណបក្សសម្ព័ន្ធដើម្បីប្រជា ធិបតេយ្យ (LDP) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍។

លោក អ៊ី សាំងឡេង បានលើកឡើងថា«ច្បាស់ណាស់ គ.ជ .ប មួយនេះគឺជាចោរ! គឺជាចោរ បំផ្លាញជាតិ របស់ពួកយើងដ៏អាក្រក់បំផុត! គឺពួកគេនេះហើយ ជាអ្នកអនុវត្តផែនការ ចុះឈ្មោះមនុស្សដោយខុសច្បាប់ ដើម្បីធានាថា បរទេសនៅតែអាចត្រួតត្រាខ្មែរ បាន នោះ! ភស្តុតាងនេះច្បាស់ជាងថ្ងៃទៅទៀត។ ខ្ញុំថាពួកគេគឺជាចោរបែបនេះ ចាំមើលគេមាន អ្វីយកមកបដិសេធទៀតមើល!»។ នេះជាមូលហេតុនៃការ ប្តឹងរបស់គ.ជ.ប ។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប និងជាតំណាងឲ្យ គ.ជ.ប នៃពាក្យបណ្ដឹង មានប្រសាសន៍ នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ៧ ធ្នូ នេះ ថា «ក្រមព្រហ្មទណ្ឌនៃកម្ពុជា ក៏បានកំណត់អំពីព្រំដែន នៃសិទ្ធនេះថា មិនត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនធ្វើឲ្យប៉ះពាល់ដល់បុគ្គលដទៃ និងសង្គមជាតិ»។

លោកបន្តថា ការចែកចាយព័ត៌មានឬបញ្ចេញមតិ តាមរយៈបណ្តាញសង្គម ដោយធ្វើការអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយទុច្ចរិតដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទរបស់អ្នកដទៃ ឬស្ថាប័នណាមួយ រួមទាំង ការចែកចាយព័ត៌មានមិនពិតដែល មានលក្ខណៈញុះញង់ឲ្យមានការប្រព្រឹត្តអំពើហិង្សា ឬបង្កអសន្តិសុខដល់សង្គម គឺជាបទល្មើសព្រហ្មទណ្ឌដែលអ្នកប្រព្រឹត្តត្រូវទទួលទោសតាមច្បាប់ជាធរមាន។

សូមរំលឹកថា នៅមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាព ខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាច ឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ៕

To Top