ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវឲ្យសាធារណជន ប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត ពាក់ព័ន្ធជំងឺកូវីដ-១៩

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើការអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវប្រុងប្រយ័ត្ន និងទប់ស្កាត់ ចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិត អំពីបញ្ហាជំងឺកូវីដ-១៩ ដែលមិនមែនជាប្រភពផ្លូវការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល។

យោងតាមសេចក្ដីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រយៈពេលពេលចុងក្រោយនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញថា មានជនមួយចំនួន បានប្រឌិតផ្សព្វផ្សា យព័ត៌មានអកុសល មិនពិត បំពុលបរិយាកាសសង្គម ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋច្របូកច្របល់ ស្លន់ស្លា ស្ដីពីបញ្ហានៃការរីករាលដាលជំងឺកូវីត-១៩។

អ្នកនាំពាក្យ មានសេចក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើខាងលើនេះ ក្នុងពេលដែលរាជរដ្ឋាភិបាល ស្ថាប័នជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស បាននិងកំពុង សហការគ្នា យ៉ាងសស្រាក់សស្រាំ និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ការ ការឆ្លងវីរុសកូរឹត-១៩ នៅក្នុងសហគមន៍។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា «សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អ្នកសារព័ត៌មាន និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់ ចំពោះការផ្សព្វផ្សាយបន្ត ព័ត៌មានប្រឌិត ដែលមិនមែនជាប្រភពផ្លូវការរបស់រដ្ឋាភិបាល (ប្រភពផ្លូវការនោះគឺ ទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទំព័រហ្វេសប៊ុករបស់ ក្រសួងសុខាភិបាលតែប៉ុណ្ណោះ)» ។

អ្នកនាំពាក្យ បន្ដថា សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានចាំបាច់នានា ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលជូនសាធារណជន និងថ្វាយ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បានជ្រាបមិនថា ពេលយប់ ឬពេលថ្ងៃនៅទីកន្លែងណានោះទេ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានបញ្ចេញ ព័ត៌មានទាន់ហេតុការណ៍យ៉ាងសកម្ម ពីព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា ផងដែរ។

ជាងនេះទៅទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកក្រសួងសុខាភិបាល ជាស្ថាប័នមានអាទិភាពក្នុងការ ផ្សព្វផ្សាយព័ត៌មាននានា ទាក់ទងការឆ្លងវីរុសកូវីដ-១៩នេះ៕

ដោយ៖ អេង ប៊ូឆេង

To Top