ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធ ជាមួយលោកទៅធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីលោកធ្វើតេស្តអវិជ្ជមានកូវីដ១៩ ជាលើកទី២។
បើតាមហ្វេសប៊ុករបស់ លោករដ្ឋមន្រ្តីនៅថ្ងៃ៨ ធ្នូ គឺលទ្ធផលនៃការធ្វើតេស្តលើកទី២ (ថ្ងៃទី៧ ខែធ្នូ) អវិជ្ជមានជំងឺកូវីដ-១៩។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយលោក ត្រូវនៅបន្តរស់នៅដោយឡែក តាមវិធានចត្តាឡីស័ក និងបន្តធ្វើតេស្តតាមការកំណត់ របស់ក្រសួងសុខាភិបាល ជាបន្តទៀត។
លោកថា ទន្ទឹមនឹងនេះ អំពាវនាវជាថ្មីដល់អ្នកដែល មានការពាក់ព័ន្ធក្នុងទំនាក់ទំនង ជាមួយលោកទាំងដោយ ផ្ទាល់ទាំងដោយប្រយោល បន្តធ្វើចត្តាឡីស័ក និងអនុវត្តវិធានសុវត្ថិភាព ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាលត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរួមគ្នាការពារក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ពីការឆ្លងនៃជំងឺកូវីដ-១៩ ៕