គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសអ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់១.០៤០.៥៤៧នាក់ គិតត្រឹមថ្ងៃអាទិត្យ ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន១១.៥៦១នាក់ ។ ទន្ទឹមនឹងនេះដែរ តួកគី បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១៩៥នាក់ដោយសារវីរុសកូរ៉ូណា ហើយកំណត់ត្រាប្រចាំថ្ងៃបានកើនឡើងខ្ពស់បំផុតនៅក្នុងប្រទេស ។
លោក Sima Sadat Lari អ្នកនាំពាក្យមកពីក្រសួងសុខាភិបាល និងវេជ្ជាសាស្ត្រអប់រំ អ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេនៅមជ្ឈិមបូព៌ា ដែលត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន២៩៤នាក់ដោយសារវីរុសកូរ៉ូណា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៥០.៣១០នាក់ ។
សរុបទៅមានពលរដ្ឋចំនួន៧៣០.៧៩៨នាក់ដែលបានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ មានអ្នកនៅបន្តថែទាំសុខភាពនៅតាមអង្គភាពថែទាំជំងឺចំនួន៥.៨០៩នាក់ ។
ក្នុងពេលដូចគ្នានេះដែរ ប្រទេសតួកគី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃវីរុសកូរ៉ូណា ចំនួន៣០.៤០២នាក់ ក្នុងនោះបូករួមទាំង៦.០៩៣នាក់ ដែលជាអ្នកជំងឺមិនបង្ហាញរោគសញ្ញា សរុបអ្នកមានរោគសញ្ញាជំងឺកូវីដ១៩នៅក្នុងប្រទេសមានការកើនឡើងដល់៥៣៩.២៩១នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាកមរា