ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ទទួលបន្ទុក អប់រំ យុវជន កីឡា ធម្មកា និងកិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងស្ថានភាព នៃការរីក រាលដាលនៃជំងឺកូវីដ១៩ ។
ការលើកឡើងរបស់លោកនេះ ក្នុងពេលមានសប្បុរសជន បានបរិច្ចាគថវិកា ជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ១៩។
លោកថា ការចូលរួមបរិច្ចាគថវិកា ជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំង ការពារកូវីដ១៩ នៅពេលនេះ ទោះតិចក្តី ច្រើនក្តី ជាការបង្ហាញនូវទឹកចិត្ត ជាស្មារតី និងជាក្តីសង្ឃឹមសម្រាប់ សង្គមទៅថ្ងៃអនាគត ។
សម្រាប់លោក ហ៊ុន ម៉ានី ក៏បានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលផងដែរ តាមការបរិច្ចាគប្រាក់ខែ ក្នុងរយៈពេល៧ខែ។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃ៨ ធ្នូ កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុប ៣៥០ នាក់ អ្នកឆ្លង ក្នុងសហគមន៍៣៤ នាក់ និងអ្នកជាសះស្បើយ ៣០៧ នាក់។ កម្ពុជាបានរកឃើញមេរោគកូវីដ ជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕