Covid-19

លោក កឹម សុខា អំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយផ្ដល់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ពលរដ្ឋខ្មែរ

ភ្នំពេញ៖ លោក កឹម សុខា បានអំពាវនាវដល់ សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍មានធនធាន មានមធ្យោបាយ ជួយផ្ដល់វ៉ាក់សាំងការពារនឹងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរ ប្រកបដោយមនុស្សធម៌។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោកគាំទ្រដល់វិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាងនេះទៅទៀត លោកក៏គាំទ្រនូវគម្រោង ផែនការដែលដាក់ចេញមកដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាន់ពេលវេលាក្នុងការត្រៀមថវិកា សម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរ និងកោតសរសើរក្រៃលែង ចំពោះសប្បុរសជនដែលបាន ចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនទៅរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ និងសូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមជាថវិកា សម្រាប់ទិញវ៉ាក់សាំងនេះ ដោយទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩ នេះ»។

លោកបន្ដថា «ទន្ទឹមនឹងនេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍មានធនធាន មានមធ្យោបាយ សូមជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងកូវីដ-១៩ នេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ តាមលទ្ធភាព ប្រកបដោយមនុស្សធម៌»។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៥០នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៤៣នាក់៕

To Top