ភ្នំពេញ៖ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ក្រសួងសុខាភិបាល ស្នើឲ្យប្រជាពលរដ្ឋដែល បានទៅហាងលក់ទំនិញ Zando-PEDRO ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវរួសរាន់មកធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខាភ្នំពេញ ដោយឥតគិតថ្លៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងរយៈពេ លប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកដែលបាន ធ្វើតេស្តវិជ្ជមានមេរោគកូវីដ-១៩ សុទ្ធតែធ្លាប់បានទៅហាងលក់ទំនិញ Zando ដែលមានអាសយដ្ឋានស្ថិត នៅផ្លូវត្រសក់ផ្អែម និងហាងលក់ទំនិញ PEDRO ដែលមានអាសយដ្ឋាន ស្ថិតនៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បញ្ជាក់យ៉ាងដូច្នេះថា ដើម្បីចូលរួមទប់ស្កាត់នូវ ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្រសួងសុខាភិបាល ស្នើបងប្អូនប្រជាពលរដ្ឋដែលបានទៅហាង លក់ទំនិញទាំងពីរខាងលើ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សូមអញ្ជើញរួសរាន់មកធ្វើចត្តាឡីស័ក នៅសណ្ឋាគារ សុខាភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ ជាបន្ទុករបស់រាជរដ្ឋាភិបាល។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៥៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យ ចំនួន៤៧នាក់៕