ភ្នំពេញ៖ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងក្រុមគ្រួសារ នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ មានកិត្តិយសយ៉ាងក្រៃលែង ក្នុងការបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិក ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។
លោកឧកញ៉ា ទ្រី ភាព បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ក្នុងនាមយើងខ្ញុំជាប្រជាពលរដ្ឋខ្មែរ យើងខ្ញុំសូមអរគុណសន្តិភាព ព្រមទាំងសូមគោរពអរគុណនិងដឹងគុណ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានរៀបចំផែនការត្រៀមទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ”។
លោកបណ្ឌិត បន្តថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាថែរក្សាសុខភាព និងការពារខ្លួនជានិច្ច ដោយរក្សាអនាម័យ លាងដៃនឹងសាប៊ូ ឬទឹកអាកុល ឬជែល រក្សាគម្លាតពីគ្នាយ៉ាងតិច ១,៥ ម៉ែត្រ និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងសូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រជាជនកម្ពុជាជៀសផុតពីជំងឺកូវីដ-១៩៕