ព័ត៌មានជាតិ

កម្ពុជា ប្រាប់ បណ្ដាប្រទេស ACMECS ត្រូវឈរលើ ស្មារតីរួម ក្នុងការធានាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យមាន តម្លៃសមរម្យ ដើម្បីចែកចាយ ទាន់ពេលវេលា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់បណ្ដាប្រទេស ACMECS ថា ត្រូវឈរលើស្មារ តីរួម ក្នុងការធានាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានតម្លៃថ្លៃសមរម្យ ដើម្បីចែកចាយទាន់ពេលវេលា នៅពេលដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ។

ក្នុងពិធីបិទកិច្ចប្រជុំ កំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ក្រោមមូលបទ «ភាពជាដៃគូសម្រាប់តភ្ជាប់ និងភាពរឹងមាំ» តាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្ដិភាព នាថ្ងៃ ទី៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន ប្រាប់បណ្ដាប្រទេស ACMECS ថា ត្រូវផ្ដោចសំខាន់លើការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដែលបង្កឡើងជាបញ្ហាប្រឈមធ្ងន់ធ្ងរទៅលើសុខភាពសាធារណៈ ដូចជា ផលប៉ះពាល់ យ៉ាងខ្លាំងដ៏ការធ្វើដំណើររបស់ប្រជាជននៃបណ្ដាលប្រទេស ACMECS ទាំងអស់។

សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងន័យនេះ ខ្ញុំយល់ឃើញថា យើងត្រូវដោះស្រាយបញ្ហាប្រឈមរួម ដោយធានាបា នការតភ្ជាប់ឲ្យបានគ្រប់គ្រាន់ ក្នុងវិស័យថែទាំសុខភាពសាធារណៈ ដើម្បីធានានូវការផ្គត់ផ្គង់គ្រឿងបរិក្ខាវិទ្យាសាស្ដ្រ បានគ្រប់គ្រាន់ដល់ក្រុមគ្រូពេទ្យជួរមុខ និងថ្នាំគ្រប់គ្រាន់សម្រាប់ប្រជាជនយើង។ ដូច្នេះ យើងគួរឈរលើស្មារតីរួម ក្នុងការធានាឲ្យវ៉ាក់សាំងមានតម្លៃថ្លៃសមរម្យ និងចែកចាយបានទាន់ពេលវេលា នៅពេលដែលមានដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ»។

សម្ដេចតេជោ ក៏បានប្រកាសដែរថា កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំង ចំនួន១លានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំង ទៅដល់មនុស្ស ចំនួន១០លាននាក់ ផងដែរ ។

សម្ដេចតេជោ បន្ដថា ACMECS ត្រូវបន្ដធ្វើការជាមួយដៃគូអភិវឌ្ឍដើម្បីលើកកម្ពស់ទស្សនៈ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពហុភាគីនិយម ក្នុងការធានាបានវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកបដោយ ត្រឹមត្រូវ និងសុវត្ថិភាព។សម្ដេចតេជោ ថា កាលណា ACMECS តភ្ជាប់រវាងប្រជាជន និងប្រជាជន នៅតែជាអទិភាពចាំបាច់ត្រូវគិតគូ ហើយជាជម្រើសនៃ ដំណើរតាមបែបពហុភាគី នៃប្រទេសសមាជិក ACMECS។

សូមជម្រាបថា ក្នុងពិធីបើកកិច្ចប្រជុំ កំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រកាសពីការចូលរួមរបស់កម្ពុជា ចំនួន៧លានដុល្លារ ក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS។ មូលនិធិអភីវឌ្ឍន៍ ACMECS ដែលមានប្រទេសចំនួន ៥ ជាសមាជិក រួមមាន៖ កម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដើម្បីពន្លឿនដល់ការអនុវត្ត គម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ និងពន្លឿនការងើបឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩។

សម្ដេចតេជោ បន្ថែមថា ថៃបានសន្យាផ្តល់វិភាគទាន ចំនួន ២០០លានដុល្លារអាមេរិក ជាមូលនិធិដំបូង សម្រាប់ការបង្កើតមូលនិធិអភិវឌ្ឍន៍ ACMECS។ សម្តេច ក៏ទន្ទឹងរង់ចាំស្វាគមន៍ការចូលរួមដោយស្ម័គ្រចិត្តរបស់ពីសមាជិកដទៃទៀត ក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ជាមួយនឹងនឹងផ្តល់វិភាគទានហិរញ្ញវត្ថុគ្រប់គ្រាន់ និងក្រុមប្រឹក្សាប្រតិបត្តិ ដែលមានសមត្ថភាព ខ្ញុំពិតជាមានសុទិដ្ឋនិយមថា យើងអាចចាប់ផ្តើមអនុវត្តគម្រោងអាទិភាពក្រោមផែនការមេ ACMECS ២០១៩-២០២៣ ដោយរលូន»៕

ដោយ ៖ អេង ប៊ូឆេង

To Top