ព័ត៌មានជាតិ

កម្ពុជា ឯកភាពជំរុញពាណិជ្ជកម្ម-វិនិយោគ ដើម្បីដោះស្រាយឧបសគ្គរាំងស្ទះ ដល់ការធ្វើពាណិជ្ជកម្ម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពក្នុងការជំរុញវិស័យ ពាណិជ្ជកម្ម និងវិនិយោគ ឲ្យមានភាពល្អប្រសើរ និងដោះស្រាយឧបសគ្គទាំងឡាយណា ដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម។

ក្នុងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១០ តាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្ដិភាព នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ជំរុញកិច្ចសហការ CLMV ជាពិសេស បានឯកភាពក្នុងការ ជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ ឲ្យមានភាពល្អប្រសើរ និងចូលរួមដោះស្រាយ នូវឧបសគ្គទាំងឡាយណា ដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មនេះ»។

ជាងនេះទៅទៀត សម្តេចតេជោ ក៏បានគាំទ្រការ លើកកម្ពស់ការតភ្ជាប់ ការដឹកជញ្ជូន និងថាមពល ការជំរុញកិច្ចសហការលើ វិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងការពង្រឹងធនធានមនុស្សផងដែរ ដើម្បីឲ្យប្រទេស CLMV កាន់តែមានការរីកចម្រើនជាបន្តទៀត។

សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) ថ្នាក់ដឹកនាំ CLMV ក៏បានជំរុញក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ជំរុញការតភ្ជាប់គ្រប់ទាំងអស់ ទាំងប្រព័ន្ធដឹកជញ្ជូន ការសម្រួលពាណិជ្ជកម្មប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធឌីជីថល ការគាំទ្រការតភ្ជាប់តាមរយៈស្ថាប័នច្បាប់ និងកម្លាំងពលកម្មជាដើម ក្នុងការទាញយកអត្ថប្រយោជន៍ ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ស្បៀងអាហារ និងទេសចរណ៍ផងដែរ។

លើសពីនេះទៅទៀត ប្រមុខរដ្ឋាភិបាលទាំងបួន បានអនុម័តទៅលើការកៀងគរហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នៃស្ថាប័នហិរញ្ញ វត្ថុអន្តរជាតិ និងវិស័យឯកជន ដើម្បីជំរុញ ការអនុវត្តគម្រោងទាំងឡាយ ក្នុងប្រទេសទាំង៤នេះ។ ប្រទេសទាំង៤ ក៏បានអនុម័តលើបញ្ជីជាអាទិភាពនៃដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជនដើម្បីជំរុញការ អនុវត្តនូវគម្រោងទាំងឡាយ ដែលជាការប្រឈមមួយនោះ ។ CLMV នឹងបន្តជំរុញកិច្ចសហការ និងគាំទ្រដល់ការធ្វើសមារណកម្មអាស៊ាន ក៏ដូចជាកាតបន្តការកសាងសង្គមមួយនេះ ឲ្យបានល្អប្រសើរ ៕

ដោយ អេង ប៊ូឆេង

To Top