ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកា ជាង៣ពាន់លានដុល្លារ សម្រាប់វិនិយោគ ក្នុងខេត្តចំនួន៤ ជាប់តំបន់ត្រីកោណ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាសម្រាប់ វិនិយោគ និងអភិវឌ្ឍ ខេត្តចំនួន៤ នៃប្រទេសកម្ពុជា ដែលជាប់តំបន់ត្រីកោណ ចំនួន៣១៤៦លានដុល្លារ លើគម្រោងវិ និយោគ ចំនួន៨៦ និងបង្កើតឱកាសការងារជូនប្រជាជន ចំនួន១២៦៦៧៩នាក់។

ក្នុងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម (CLV DTA) លើកទី១១ តាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្ដិភាព នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការអភិវឌ្ឍតំបន់ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម មិនមែនជាបញ្ហាចម្លែកឡើយ។ សម្ដេចថា ការអភិវឌ្ឍតំបន់ត្រីកោណនេះ ក៏មានការចូលរួមចំណែកវិភាគទានពីប្រទេ សជប៉ុន ផងដែរ។

សម្ដេចតេជោ បន្ដថា ក្នុងគោលដៅសម្រេចឲ្យបាននូវផែនការមេ និងផែនការសកម្មភាពនានាដែល កម្ពុជា-ឡាវ-វៀតណាម បានដាក់ចេញនោះ ដើម្បីប្រែក្លាយតំបន់ត្រីកោណ ឲ្យក្លាយជាតំបន់មួយមានការអភិវឌ្ឍពិតប្រាកដ។

សម្ដេចតេជោ មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាវិនិយោគនៅខេត្តទាំង៤ នៃកម្ពុជា ក្នុងតំបន់ CLV DTA សរុបអស់ប្រមាណ ៣១៤៦លានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ២០២០ លើគម្រោងចំនួន៨៦ ដែល ក្នុងនោះ គម្រោងក្នុងវិស័យ កសិកម្ម កសិឧស្សាហកម្ម មានចំនួន៦៦គម្រោង ដែលបានបង្កើតឱកាសការងារ ចំនួន១២៦៦៧៩ ជូនប្រជាជនក្នុងតំបន់»។

សម្ដេចតេជោ បញ្ជាក់ថា ជាលទ្ធផល នៃផលិតក្នុងស្រុកសរុបសម្រាប់ខេត្តទាំង៤របស់កម្ពុជា ក្នុងតំបន់ CLV DTA មានការកើនឡើង គួរឲ្យសំគាល់ប្រមាណជា១២% ក្នុងឆ្នាំ២០២០នេះ៕

ដោយ ៖ អេង ប៊ូឆេង

To Top