ព័ត៌មានជាតិ

ស្ថានទូត អូស្រ្តាលី បន្តជួយកសាង ប្រព័ន្ធហិរញ្ញប្បទានសុខភាព សាធារណៈ ដែលមានភាពធន់នៅកម្ពុជា និងប្រើប្រាស់វាជាគំរូ ដើម្បីជំរុញកំណែទម្រង់ នៅក្នុងវិស័យផ្សេងៗទៀត

ភ្នំពេញ៖ ស្ថានទូត អូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើង នៅក្នុងទិវាអន្តរជាតិប្រឆាំង អំពើពុករលួយថា ខ្លួនបន្តជួយកសាង ប្រព័ន្ធហិរញ្ញប្បទាន សុខភាពសាធារណៈ ដែលមានភាពធន់នៅកម្ពុជា និងប្រើប្រាស់វាជាគំរូ ដើម្បីជំរុញកំណែទម្រង់ នៅក្នុងវិស័យផ្សេងៗទៀត។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្ថានទូតអូស្រ្តាលីលើកឡើងថា “អំពើពុករលួយ ធ្វើឱ្យការផ្តល់សេវាសាធារណៈចុះអន់ថយ និងធ្វើឱ្យខូចទំនុកចិត្ត លើរដ្ឋាភិបាល។ ប៉ុន្តែការរាតត្បាតនៃជំងឺកូវីដ-១៩នៅឆ្នាំនេះ បានបង្ហាញឱ្យឃើញថា នៅពេលដែលយើងចាត់ចែងធនធានហិរញ្ញវត្ថុ ត្រូវទៅតាមផ្នែកដែលគួរតែចំណាយ ធនធានទាំងនេះ អាចកសាងភាពរួបរួមគ្នា ក្នុងសង្គម និងលើកកម្ពស់ សុខុមាលភាពសហគមន៍”។

សម្រាប់ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ ឆ្នាំ ២០២០ នេះ ស្ថានទូតផ្តោតសំខាន់លើការងារ ដែលអូស្រ្តាលី ធនាគារពិភពលោក World Bank និងដៃគូរបស់យើង កំពុងធ្វើជាមួយ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ដើម្បីអាចផ្ទេរហិរញ្ញវត្ថុសាធារណៈ ដោយផ្ទាល់ទៅ គណនីធនាគារ របស់មជ្ឈមណ្ឌលផ្តល់សេវា ដូចជា មន្ទីរពេទ្យនិងមណ្ឌលសុខភាពជាដើម ។ ការធ្វើបែបនេះ ជួយជាការផ្តល់រង្វាន់ ដល់មូលដ្ឋាន សុខាភិបាល ដែលធ្វើការងារបានល្អ និងកាត់បន្ថយឱកាស ក្នុងការគ្រប់គ្រងមិនត្រឹមត្រូវ ។ យើងក៏បានជួយបង្កើត ទីភ្នាក់ងារផ្តល់វិញ្ញាបនប័ត្រ ទូទាត់ប្រាក់ថ្មី ដើម្បីផ្ទៀងផ្ទាត់ថា ការទូទាត់មានភាពត្រឹមត្រូវ ។ នេះបើតាមការកត់សម្គាល់របស់អូស្រ្តាលី។

ស្ថានទូត ក៏បានថ្លែងការជឿជាក់របស់ខ្លួនផងដែរថា វិធានការទាំងនោះ បានចូលរួមចំណែក ធ្វើឱ្យប្រសើរឡើងនូវគុណភាព និងកាន់តែផ្តល់នូវលទ្ធភាព ក្នុងការទទួលបាន សេវាសុខភាពសាធារណៈ នៅកម្ពុជា ។ “យើងទន្ទឹងនឹងបន្តជួយកសាង ប្រព័ន្ធហិរញ្ញប្បទាន សុខភាពសាធារណៈដែលមានភាពធន់ នៅកម្ពុជា និងប្រើប្រាស់វាជាគំរូ ដើម្បីជម្រុញកំណែទម្រង់ នៅក្នុងវិស័យផ្សេងៗទៀត”៕

To Top