ភ្នំពេញ៖ អង្គការកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ ហៅកាត់ UNDP លើកឡើងថា ចំនួន៨០% នៃសំណល់សំរាម នៅតាមឆ្នេរសមុទ្រកម្ពុជាជាសំណល់ប្លាស្ទិក ដែលបញ្ហានេះទាមទារនូវ ការដោះស្រាយជាបន្ទាន់ ដើម្បីចៀសវាង ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដល់បរិស្ថានតំបន់ឆ្នេរ សោភ័ណភាពនិងអេកូឡូស៊ីសមុទ្រ និងជីវចម្រុះក្នុងទឹកសមុទ្រ ។នេះបើតាមការចេញផ្សាយ របស់ក្រសួងព័ត៌មាន។
លោក Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃ UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា គួរតែបង្កើតនូវបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ និងផ្សព្វផ្សាយបង្កើនការយល់ដឹង និងជំរុញការកាត់បន្ថយសំណល់ប្លាស្ទិក ការកែច្នៃប្រើប្រាស់ឡើងវិញ និងការប្រើប្រាស់នូវសម្ភារដែល មិនប៉ះពាល់ដល់បរិស្ថានជំនួសសម្ភារប្លាស្ទិក»។
លោកទទួលស្គាល់ថា ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក ជាកិច្ចការដ៏សែនពិបាក ដែលទាមទារការចូលរួម កិច្ចសហការពីគ្រប់ភាគី ដើម្បីផ្លាស់ប្តូរទម្លាប់ និងការគិតរបស់សាធារណជន ឱ្យងាកទៅកាត់បន្ថយការប្រើប្រាស់ សម្ភារប្លាស្ទិក។ លោកថា ការផ្លាស់ប្តូរទៅលើការកាត់បន្ថយការប្រើប្រាស់ សម្ភារប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា គួរតែមើលទៅគំរូកាលពី ៣០ឆ្នាំមុន ដោយប្រជាជនបានយកកន្ត្រកឫស្សី ទៅផ្សារក្នុងស្រុក ដើម្បីទិញផ្លែឈើ និងបន្លែដែលអ្នកលក់រុំ ដោយស្លឹកឈូកឬស្លឹកចេក។ លោកបន្តថា សមា្ភរដែលអាចបំលែងបានទាំងនេះ ត្រូវបានជំនួសស្ទើរតែ ទាំងស្រុងដោយថង់ប្លាស្ទិក។
សូមបញ្ជាក់ថា ស្ថានទូតជប៉ុន និងUNDP បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន លើគម្រោងទប់ស្កាត់នឹង សំណល់ប្លាស្ទិកហូរចូលក្នុងសមុទ្រ ដោយផ្តោតលើការជំរុញឱ្យមានការអនុវត្ត តាមគោលការណ៍ 4Rs ជាភាសាអង់គ្លេស ដែលសម្រាយជាភាសាខ្មែរមានន័យថា កុំប្រើប្រាស់ប្លាស្ទិក (Refuse) កាត់បន្ថយការប្រើប្លាស្ទិក (Reduce) ប្រើឡើងវិញនូវប្លាស្ទិក (Reuse) និងកែច្នៃយកមកប្រើប្រាស់នូវសំណល់ប្លាស្ទិក (Recycle)។
គម្រោងថ្មីនេះ នឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការបង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិក នៅតាមតំបន់ គោលដៅក្រុងធំៗ និងខេត្តដែលនៅតាមឆ្នេរដូចជា៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង ដោយជំរុញ ឱ្យមានការកែច្នៃសំណល់ និងការប្រើប្រាស់សម្ភារផ្សេងក្រៅតែពីប្លាស្ទិក ៕