ភ្នំពេញ ៖ ក្រុមការងារតាមដានការ ដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហ ទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បានដោះស្រាយ៣៧ករណី និងកំពុងដោះស្រាយ២២៥ករណី ។ នេះបើយោងតាម លិខិតរបស់ក្រុមការងារ គោរពជូនសម្តេច ស ខេង ។
ជាការឆ្លើយទៅនឹងក្រុមការងារ សម្ដេចក្រឡាហោម ស ខេង បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ដោយកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការប្រកបដោយការ ទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលតែងតែប្រឹងប្រែងធ្វើកិច្ចការក្នុងការឆ្លើយតប ចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានា៕