ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល៖ ពលរដ្ឋមិន ត្រូវយកសារធាតុមេតាណុល ទៅលាយធ្វើជាស្រា ព្រោះបណ្តាលឲ្យ ពុល និងស្លាប់បាន

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់ជាបន្ទាន់នូវការពិសារស្រាស ឬស្រាថ្នាំដែលទិញពីប្រភពមិនច្បាស់លាស់ ជាពិសេស កុំយកសារធាតុ មេតាណុល ទៅលាយធ្វើជាស្រាស ព្រោះអាច បណ្តាលឲ្យពុល និងស្លាប់បាន។

រដ្ឋមន្ដ្រីសុខាភិបាល ណែនាំបែបនេះបន្ទាប់ពីក្រសួង បានសម្គាល់ឃើញមានការ កើតឡើងនូវករណីពុលស្រាស ស្រាថ្នាំ និងការពុលចំណីអាហារកើតឡើង ជារឿយៗដូចជានៅខេត្តក្រចេះ បន្ទាយមានជ័យ មណ្ឌលគិរី និងនៅតាមបណ្តាខេត្ត មួយចំនួនទៀត ហើយក្នុងពេលថ្មីៗនេះ ក៏មានការផ្ទុះឡើងនូវការសង្ស័យពុលស្រាស និងការសង្ស័យពុលទឹក នៅខេត្តកំពង់ឆ្នាំង។

ស្រាស និងស្រាថ្នាំ ដែលប្រជាពលរដ្ឋក្នុងតំបន់បាន ពិសារនា ពេលកើតហេតុកន្លងមក មានសារជាតិ មេតាណុលកម្រិតខ្ពស់លើសពីកម្រិតធម្មតា ដែល បណ្តាលឲ្យក្អួត ចង្អោរ ស្រវាំង ឬងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តន៍ទៅស្លាប់ ។

យោងតាមសេចក្ដីសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ គឺលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មី ដល់ប្រជាពលរដ្ឋ អំពីវិធានការ បង្ការ ដើម្បីជៀសផុតពីបញ្ហាសុខភាពបណ្តាលមក ពីការពុលស្រាស ស្រាថ្នាំ និងការពុលចំណីអាហារ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការពិសារស្រាសឬស្រាថ្នាំ ដែលទិញពីប្រភព មិនច្បាស់លាស់ ដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងផលិតនៅក្នុងមូលដ្ឋានសហ គមន៍មិនត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។ សូមបងប្អូនដាច់ខាត កុំយកសារធាតុមេតាណុល ទៅលាយធ្វើជាស្រាសដែលបណ្តាលឲ្យ មានការពុល និងស្លាប់បាន»។

លោកបន្ថែមថា ចំពោះវិធានការបង្ការការពុលចំណីអាហារ ត្រូវប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។ ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់។ ជាពិសេស លាងសំអាតបន្លែផ្លែឈើឲ្យបានស្អាតមុនបរិភោគ ហេីយសំអាតសម្ភារប្រើសម្រាប់ ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវជាដើម ៕

To Top