ភ្នំពេញ៖ កម្ពុជា-ចិន បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសោតទស្សន៍ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ។ នេះបើយោងតាមការចេញផ្សាយ AKP ។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤ តាមប្រព័ន្ធវីដេអូ ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យសោតទស្សន៍ » រវាងក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី Meng Dong អនុរដ្ឋមន្រ្តីរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន បានលើកឡើងអំពីការអភិវឌ្ឍនៃវិស័យព័ត៌មាន និងសោតទស្សន៍ នៅក្នុងប្រទេសខ្លួន និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដែលទទួល បានពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសទាំងពីរដែលកិច្ចសហប្រត្តិបត្តិការនេះ កាន់តែមានភាពជិតស្និទ្ធ ទោះបីក្នុងកាលៈ ទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។
ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញប្រព័ន្ធផ្សព្វផ្សាយឯកជន ឲ្យចូលរួមអនុវត្តកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យុ និងទូរទស្សន៍កាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
សូមរំលឹកថា កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យឡើងវិញនូវវឌ្ឍនភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងឆ្នាំ២០២០ និងពិភាក្សាអំពីផែនការ សម្រាប់អនុវត្តនៅឆ្នាំ២០២១ មានដូចជា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទៅវិញទៅមក របស់ប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ និងដំណើរទស្សនកិច្ចផ្នែក ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ និងការចែករំលែកបទពិសោធន៍ អំពីសកម្មភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ៕