ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការសាងសង់ កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពត មានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ សម្រេចបាន៨៣% និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ ក្រសួង សាធារណការ បានបញ្ជាក់ថា «កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពត មានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ បានបើកការដ្ឋានស្ថាបនាសាងសង់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបាន ៨៣% និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ»។
ក្រសួង រៀប រាប់ ថា ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ ប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស (ត្រូវបានពង្រីកពីពីរកន្លងទៅបួនកន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត (មួយគន្លងទៅ មួយគន្លងមក)៕