ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) សហការជាមួយមន្ទីរព័ត៌មានខេត្តកានស៊ុ នៃប្រទេសចិន នឹងប្រារព្ធកម្មវិធីពិព័រណ៍រូបថតមួយ ដែលមានប្រធានបទ «ការអញ្ជើញ តាមវិថីសូត្រ» ដែលជាការផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយ ជនជាតិកានស៊ីនៃប្រទេសចិន ក្នុងប្រទេសកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមអ្នកសារព័ត៌មានកម្ពុជាចិន នៅថ្ងៃទី១០ ធ្នូនេះ បានឲ្យដឹងថា ដោយសារបញ្ហាជម្ងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល កម្មវិធីពិព័រណ៍រូបថតលើកនេះ នឹងធ្វើឡើងតាម Online ព្រមគ្នាជាមួយប្រទេសចិន ។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ តំណាងប្រទេសកម្ពុជា និងលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីតំណាង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីថ្លែងសុន្ទរកថាបើកជានិមិត្តរូប។
ការតាំងពិព័រណ៍រូបថតលើកនេះ នឹងបង្ហាញរូបភាពចំនួន ៨០ផ្ទាំង និង ផ្ទាំងគំនូរ ថាំង ខា ដែលជាផ្ទាំងគំនូរបត់ Original Paint មួយចំនួនផងដែរ។ ពិព័រណ៍រូបថតនេះ មានគោលបំណងពីរផ្នែក៖ ផ្នែកទី១ គឺដើម្បីឆ្លុះបញ្ចាំងពីបរិស្ថានធម្មជាតិ និងវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិកានស៊ុ នៃប្រទេសចិន និងផ្នែកទី២ បង្ហាញពីប្រសិទ្ធិភាពនៃការ កាត់បន្ថយភាពក្រីក្រក្នុងតំបន់ស្វយ័ត កានណាន ជាទីវប្បធម៌ដ៏ចំណាស់ របស់ជនជាតិភាគតិចទីបេ និង របៀបនៃការផ្លាស់ប្តូរអន្តរកម្ម រវាងជនជាតិភាគតិចនីមួយៗ នៅក្នុងខេត្តកានស៊ុ ដែលជាខេត្តមួយដ៏សំខាន់នៃវិថីសូត្រ ក្នុងប្រទេសចិន។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ ២៤ ខែធ្នូ ឆ្នាំ២០២០។ ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ជាកម្មវិធីបើកពិព័រណ៍ផ្លូវការ នៅអគារសមាគម សម្ព័ន្ធខ្មែរចិន នៅកម្ពុជា ជាន់ផ្ទាល់ដី ស្ថិតក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជាមួយគ្នានោះសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន ក៏បានគោរពអញ្ជើញសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ចូលរួមទស្សនា និងយកព័ត៌មាននៅ ក្នុងកម្មវិធីបើកពិព័រណ៍ជាផ្លូវការ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹកផងដែរ ៕