Covid-19

អ្នកនាំពាក្យក្រសួងយុត្តិធម៌ តបទៅអ្នករិះគន់ពីវិធានការ បង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើក ៤ចំណុច ឆ្លើយបំភ្លឺទៅនឹងការរិះគន់ របស់អ្នករាយការណ៍ពិសេស UN និងសកម្មជនសិទ្ធិមនុស្សដ៏ទៃទៀត អំពីវិធានការបង្ហាញអត្តសញ្ញាណ អ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ។

៤ចំណុចទាំងនោះរួមមាន៖

១. ការបង្ហាញរូបថតមិនមែន ជាការរំលោភលើសិទ្ធិបុគ្គល និងឯកជនភាពនៃអ្នកវិជ្ជមានកូវីដ-១៩នោះទេ តែផ្ទុយទៅវិញ ជាវិធានការចាំបាច់ក្នុងស្រាវជ្រាវ រកអ្នកពាក់ព័ន្ធដ៏ទៃទៀតដោយផ្ទាល់ និងប្រយោលដើម្បីទប់ស្កាត់ការរីករាលដាល ការឆ្លងកាន់ច្រើនចូលក្នុង សហគមន៍។

លោកថា វិធានការនេះ ក៏ត្រូវបានអនុញ្ញាតផងដែរ តាមគោលការណ៍ច្បាប់សិទ្ធិមនុស្ស អន្តរជាតិដែលកម្ពុជា ប្រកាន់យកគោលការណ៍ សិទ្ធិមនុស្សនិងប្រជាធិ បតេយ្យបែបសមូហភាពនិយម ដោយតម្កល់ផលប្រយោជន៍រួម របស់សហគមន៍ជាធំ ។

២. ការបង្ហាញអត្តសញ្ញាណនេះ មិនមែនការធ្វើទុក្ខ បុកម្នេញ និងរើសអើងចំពោះអ្នកដែលវិជ្ជមានកូវីដ-១៩នោះទេ ព្រោះវិធានការនេះ មានការចូលរួមដោយស្ម័គ្រចិត្តពីពួកគាត់ ហើយថ្នាក់ដឹកនាំកំពូល ក៏បានថ្លែងសារជាសាធារណៈផងដែរ កុំឲ្យមានការ រើសអើងចំពោះពួកគាត់។

៣. មិនបានរារាំងដល់ការ ធ្វើតេស្តដោយស្ម័គ្រចិត្តរបស់អ្នកពាក់ព័ន្ធ ដ៏ទៃទៀតដូចការចោទប្រកាន់នោះទេ តែផ្ទុយទៅវិញ វិធានការនេះមានការចូលរួម និងគាំទ្រពីជនរួមជាតិទូទាំងប្រទេស ដែលធ្វើឲ្យចំនួនអ្នក មកធ្វើតេស្តដោយស្ម័គ្រចិត្ត ទាំងអ្នកដែលបានពាក់ព័ន្ធដោយផ្ទាល់ក្តី និងប្រយោលក្តី មានការកើនឡើងជាលំដាប់។

៤. ចំពោះការរិះគន់អំពីស្ថានភាពពន្ធនាគារ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា វិញ រដ្ឋាភិបាលបាន ដាក់ចេញវិធានការ យ៉ាងម៉ត់ចត់និងម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងចូលក្នុងពន្ធនាគារ រួមមានការធ្វើតេស្តអ្នកពាក់ព័ន្ធ ផ្ទាល់និងប្រយោល ទាំងមន្រ្តីពន្ធនាគារនិងអ្នកជាប់ឃុំ ។

ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ក្រសួង សុខា ភិបាលបានបង្ហាញរូបថតអ្នក កើតជំងឺកូវីដ១៩ ដើម្បីងាយស្រួលរកអ្នកពាក់ព័ន្ធ។ ប៉ុន្តែនៅថ្ងៃ១០ ធ្នូ ក្រសួងក៏បានសម្រេចដករូបថតវិញ ដោយសារស្ថានភាព សហគមន៍២៨ វិច្ឆិកាបានធូរស្បើយ ។ ការដករូប នេះដើម្បីគោរពសិទ្ធិបុគ្គល។ នេះបើតាម លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល៕

To Top