ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ឆ្លើយតបអង្គការ សង្គមស៊ីវិលថា រាជរដ្ឋាភិបាលផ្តល់សេវា សុខភាព ជូនប្រជាជន ដោយមិនរើសអើងវណ្ណៈ ឬអ្នកជាប់ពន្ធនាគារឡើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឆ្លើយតបទៅកាន់ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគោរពសិទ្ធិមនុស្ស ជាពិសេស យកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពជូនប្រជាជនទូទៅ ដោយមិនរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬអ្នកជាប់ពន្ធនាគារ ឡើយ ។

ការឆ្លើយតប របស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីអង្គការ លើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និង សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការរួម ស្តីពីប្រទេសកម្ពុជាថា «ភាព ចាំបាច់ ដើម្បីការពារអ្នកជាប់ឃុំពីជំងឺកូវីដ-១៩» ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹង ថា «រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគោរពសិទ្ធិមនុស្ស និងការយកចិត្តទុកដាក់លើ ការផ្តល់សេវាសុខភាព ជូនប្រជាជនទូទៅ ដោយមិនរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬអ្នកជាប់ពន្ធនាគារ នោះឡើយ។ ដើម្បីទទួលសេវាសុ ខភាពស្មើៗគ្នា ដោយមិនមានការរើសអើងឡើយ ជាពិសេសជនងាយរងគ្រោះ ជនក្រីក្រ ជនពិការមនុស្សចាស់ជរា ស្ត្រី និងកុមារ ត្រូវបានទទួលការគាំទ្រ បន្ថែមទាំងផ្នែកហិរញ្ញវត្ថុ និងសង្គម ដើម្បីពួកគាត់អាចទទួល បានសេវាសុខាភិបាល ប្រកបដោយសមភាព គុណភាព និងតម្លាភាព» ។

ក្រសួងបន្ដថា ទាក់ទងនឹងវិធានការ ការពារការចម្លង វីរុសកូវីដ១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំងកន្លងមក ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីតាមដានមើលជាប្រចាំ នូវស្ថានភាពជំងឺផ្តាសាយធំ និងជំងឺកូវីដ-១៩ ដោយអគ្គនាយកដ្ឋានពន្ធនាគារ បានយកចិត្តទុកដាក់បន្ថែម ក្នុងការ តាមដានសុខភាព អ្នកជាប់ឃុំឃាំង និងរាយការណ៍មក ក្រសួងសុខាភិបាល ក្នុងករណីមានការសង្ស័យលើបញ្ហាសុខភា ពអ្វីមួយ ដែលកន្លងមកនេះ ក្រសួងបានធ្វើអន្តរាគមន៍ជួយពិនិត្យ និងព្យាបាលដល់អ្នកជាប់ឃុំឃាំង ដែលមានជំងឺផ្តាសា យធំនៅតាមបណ្តាខេត្តមួយចំនួន រួចមកហើយ រហូតពួកគេបានជាសះស្បើយ។

ក្រសួងបញ្ជាក់ថា ចាប់តាំងពីពេលមានការផ្ទុះ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០មក អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានតាមដានស្រាវជ្រាវរកករណីពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍ នេះ ហើយមានបុគ្គលណាខ្លះ ដែលបានមកពាក់ព័ន្ធនឹងពន្ធនាគារ ព្រមទាំងបានតាមដាន សុខភាពអ្នកជាប់ឃុំ ឃាំងកាន់តែ ហ្មត់ចត់ថែមទៀត ។ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារបង្ហាញថា មិនមានអ្នកប៉ះពាល់ នឹង ព្រឹត្តិការណ៍សហ គមន៍ ២៨វិច្ឆិកា ណាម្នាក់ មានការប្រាស្រ័យទាក់ទងជាមួយអ្នកជាប់ឃុំឃាំងឡើយ ហើយចាប់ពីថ្ងៃទី១-១០ ខែធ្នូ ឆ្នាំ២០២០ មណ្ឌលអប់រំកែប្រែទី១ មិនមានករណីជំងឺផ្តាសាយធំ ដែលមានការសង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹង ការចម្លងវីរុសកូវីដ-១៩ ទាំងក្នុងចំណោមមន្ត្រី ចំនួន ៣៥៤ នាក់ ) និងអ្នកជាប់ឃុំឃាំង (ចំនួន ៧៦០៨នាក់) ឡើយ ។

លើសពីនេះទៀត បន្ទាប់ពីបានទទួលព័ត៌មានតាមបណ្តាញសារព័ត៌មាន អំពីការ ផ្ទុះឡើងជំងឺផ្តាសសាយធំនៅមណ្ឌ លអប់រំកែប្រែទី១ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ មក ក្រសួងសុខាភិបាល បានចាត់មន្ត្រីក្រុមឆ្លើយតបបន្ទាន់ចុះជាបន្ទាន់ ទៅកាន់មណ្ឌលអប់រំកែប្រែទី១ នៅយប់ថ្ងៃទី៩ និងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដើម្បីពិនិត្យមើលស្ថានភាពសុខ ភាពអ្នកជាប់ឃុំឃាំងដោយផ្ទាល់ ហើយរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១ ជាផ្លូវការ បានបង្ហាញថា មិនមានករណីជំងឺផ្តាសាយធំ ក្នុងចំណោមអ្នកជាប់ឃុំឃាំងនៅទីនោះឡើយ។

ក្រសួងសុខាភិបាល សូមបញ្ជាក់ថា ក្រសួងនៅតែបន្តកិច្ចសហការ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិ នៅតាមបណ្តារាជធានី-ខេត្តទាំងអស់ ដើម្បីតាមដានមើលជាប្រចាំ នូវស្ថានភាពជំងឺផ្តាសាយ ធំ ដែលអាចសង្ស័យថា ជាជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងជំរុញឲ្យ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បន្តយកចិត្តទុកដាក់អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូដ -១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំងផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top