ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហាញការប្តេជ្ញាចិត្ត របស់កម្ពុជា ប្រយុទ្ធប្រឆាំង នឹង ការប្រែប្រួល អាកាសធាតុ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់អះអាង ពីរការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ យុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជា មានចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់សកលក្តី។

ក្នុងកិច្ចប្រជុំកំពូល ស្តីពីការប្តេជ្ញាចិត្ត ពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ១២ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ មានប្រសាសន៍ថា ការ ប្រែប្រួលអាកាសធាតុ មានប្រទេសជាច្រើន បានទទួលរង នូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជា ដែលទើបតែរងនូវ ផលប៉ះពាល់ដោយ ទឹកជំនន់នាពេលថ្មីៗនេះ។ 

សម្ដេចតេជោបន្តថា ទោះបីជាកម្ពុជា ចូលរួមចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់សកលក្ដី ក៏កម្ពុជា នៅតែមានការប្ដេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និងសមត្ថភាពចូលរួម ដោះស្រាយនូវបញ្ហានេះ។ 

សម្ដេចតេជោ លើកឡើងថា ក្នុងរបាយការណ៍ បច្ចុប្បន្នភាព ស្ដីពីការចូលរួម ចំណែករបស់ជាតិ ដើម្បីដោះ ស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀម ដាក់ជូនទៅលេខាធិការដ្ឋាន អនុសញ្ញាអង្គការសហ ប្រជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ នាដំណាច់ឆ្នាំនេះ កម្ពុជាបានបញ្ចូលនូវគោលដៅ ថ្មីច្បាស់លាស់ ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័ន ប្រមាណ ៣៨,៩លានតោន សមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុង វិស័យព្រៃឈើ វិស័យសំណល់ និងកសិកម្ម ឬស្មើនិង១៨ភាគរយ ធៀបទៅនិងសេណារីយ៉ូតាមទម្លាប់ធម្មតា នៅឆ្នាំ២០៣០។ 

សម្ដេចតេជោ នាយករដ្ឋមន្ត្រី គូសបញ្ជាក់ទៀតថា   ការប្រែប្រួលអាកាសធាតុ ជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយ តាមមធ្យោបាយជាកញ្ចប់ គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន។

សម្ដេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាបានប្ដេជ្ញា រៀបចំយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រិត្យ ភាពកាបូនដែលការរៀបចំនេះ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១។ ដើម្បីឲ្យការអនុវត្តយុទ្ធសាស្ត្រ រយៈពេលវែងនេះ ទទួលបានជោគជ័យ កម្ពុជាអំពាវនាវ ឲ្យប្រទេសអភិវឌ្ឍន៍ ទាំងអស់បំពេញ បានពេញលេញ នូវការព្វកិច្ចដែលបានសន្យា ទាំងគារគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា។

គួរបញ្ជាក់ដែរថា «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្ត ពាក់ព័ន្ធនឹងអាកាសធាតុ» រៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំកំពូលនេះ បានផ្តល់ជាវេទិកា មួយសម្រាប់ភាគីនានា នៃអនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មី ប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង ទី១. ការប្តេជ្ញាចិត្តថ្មី និងបន្ថែមទៀត នៃការចូលរួម របស់ប្រទេសនីមួយៗ។ ទី២.យុទ្ធសាស្រ្តរយៈពេលវែង ក្នុងការដាក់ចេញទិសដៅ ទៅរកការបំភាយឧស្ម័ន រហូតដល់កម្រិតសូន្យ។ ទី៣. ការប្តេជ្ញាចិត្ត ផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធ នឹងអាកាសធាតុ និង ទី៤. ផែនការបញ្ចូល ការប្តេជ្ញាចិត្ត ទៅក្នុងការដាក់ចេញ គោលនយោបាយនានា៕ ស.សំណាង

https://www.facebook.com/dapnewsfb/videos/1050302292138851/

To Top