ភ្នំពេញ៖ ឆ្លើយតបតាមសំណូមពរបស់សហគមន៍នេសាទលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចអនុញ្ញាតឲ្យធ្វើរបាំងធ្នស់ដើម្បីចាប់ត្រីធ្វើប្រហុក ផ្អក ដើម្បីទទួលបានផលប្រយោជន៍ពីការគ្រប់គ្រង ថែរក្សា និងការពារធនធានជលផលនៅក្នុងកន្លែងនេសាទសហគមន៍និងចូលរួមចំណែកជួយទប់ស្កាត់បង្រ្កាបបទល្មើសជាមួយមន្រ្តីរដ្ឋបាលជលផលផងដែរ។
ការឯកភាពរបស់ លោក វេង សាខុន បានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ស្ដីពីការចុះពិនិត្យនិងតាមដានការងារបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំពីក្រុមមន្រ្តីជាន់ខ្ពស់របស់ក្រសួងកាលពីពេលថ្មីៗនេះ។
យោងតាមរបាយការណ៍ស្ដីពីការចុះពិនិត្យនិងតាមដានការងារបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ផ្ញើជូន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ” ផ្អែកតាមមាត្រា៩ និងមាត្រា ៣០ នៃច្បាប់ស្ដីពីជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសិទ្ធិអនុញ្ញាតឲ្យធ្វើនេសាទ និងប្រើប្រាស់ឧបករណ៍នេសាទនៅក្នុងកន្លែងនេសាទសហគមន៍”៕