ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ ចុះបោះបង្គោលព្រំ ការពារបុរាណដ្ឋាននៅស្រុកវ៉ាវិន

ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ បានសហកាជាមួយមន្ទីរវប្បធម៌ រដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ ដោយមានការចូលរួម ពីប្រជាការពារភូមិ និងប្រជាជនមួយចំនួន បានបន្តការងារបោះបង្គោលព្រំ ការពារបុរាណដ្ឋាន នៅក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានចំនួន៨ទីតាំងហើយ។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់ថា បុរាណដ្ឋានទាំង៨ទីតាំងនោះមានដូចជា ប្រាសាទអូរប្រាសាទ ប្រាសាទរលំដូនមោង ប្រាសាទត្រពាំងឈូក គោកពពូល ត្រពាំងបេង ត្រពាំងចង្ហុកក្រាំង ត្រពាំងរលំវែង និងត្រពាំងគុម្ពភ្នៀង។

ការបោះបង្គោលព្រំការពារបុរាណដ្ឋាន គឺដើម្បីជាប្រយោជន៍ ក្នុងការកំណត់ព្រំដី ដែលមានបុរាណដ្ឋាន ត្រូវការពារបានត្រឹមត្រូវ ការពារការកាន់កាប់ដោយខុសច្បាប់ ពីឈ្មួញទិញលក់ដីធ្លី និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋដឹង កុំឱ្យពួកគាត់វាទទីដី ធ្វើកសិកម្ម ឬរស់នៅលើប្រាសាទ ស្រះទឹក និងរចនាសម្ព័ន្ធសំណង់បុរាណផ្សេងៗ ដោយពុំដឹង ព្រោះពួកគាត់ក៏មានបំណង ចង់ការពារឱ្យបុរាណដ្ឋានទាំងនោះ ឱ្យល្អប្រសើរដែរ៕

To Top