កោះកុង : លោក គង់ មនោ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានថ្លែងអំណរគុណ ដល់អាជ្ញាធរនិងសមត្ថកិច្ចថៃ ដែលបានការពារសុវត្ថិភាព ប្រជាពលរដ្ឋកម្ពុជា ដែលបានទៅធ្វើចំណាកស្រុក នៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ដើម្បីប្រកបអាជីកម្ម ដែលស្នាក់នៅស្រុកខ្លងយ៉ៃ មិនអាចវិលត្រឡប់មកប្រទេសវិញ ដើម្បីការពារការរីករាលដាល នៃជំងឺឆ្លងកូវវិដ១៩ ទន្ទឹមនេះដែរ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមទាហានថៃ លេខ១៨២ បានជួយសង្គ្រោះជីវិតកុមារាម្នាក់ អាយុ៥ឆ្នាំ ដែលចុះលេងទឹក នៅឆ្នេរសមុទ្រ ហើយត្រូវទឹករលកបោក យកទៅកណ្តាលសមុទ្រ ហើយបានជួយសង្រ្គោះ អាយុជីវិតកុមារាកម្ពុជានោះ បានដោយសុវត្ថិភាព។
ឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានប្រាប់ឲ្យដឹង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា៖ លោកសូមថ្លែងអំណរគុណ ដល់អាជ្ញាធរនិងសមត្ថកិច្ចថៃ ដែលបានការពារសុវត្ថិភាពពលករកម្ពុជា ដែលបានចូលទៅស្នាក់នៅ ប្រទេសថៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រហែល២០០នាក់ ដែលបានរស់នៅទីនោះ ដែលអាជ្ញាធរថៃ មិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងដែន វិលចូលប្រទេសវិញ ដើម្បីការពារនូវការរីករាលដាល នៃការឆ្លងជំងឺកូវិដ១៩ ។
ទន្ទឹមនេះ លោកបានថ្លែងអំណរគុណ ដល់កម្លាំងទាហានជើងទឹកថៃ ដែលបានជួយស្រោចស្រង់ អាយុជីវិតកុមារាម្នាក់ ដែលលង់ទឹកស្ទើរនឹកស្មានមិនដល់ថា កុមារាម្នាក់នោះ មានជីវិតវិញឡើយ។ ក្រោមពីកុមារានោះ ទៅលេងទឹកសមុទ្រ នៅតាមឆ្នេរសមុទ្រតែម្នាក់ឯង ហើយត្រូវទឹករលកសមុទ្របោក នាំយកទៅកណ្តាលសមុទ្រ។
ឧត្តមសេនីយ៍ គង់ មនោ បានបន្ថែមថា ៖ ក្រោយពីឃើញករណីក្មេងលង់ទឹក កម្លាំងទាហានជើងទឹកលេខ១៨២ថៃ បានហែលទៅជួយសង្រ្គោះភ្លាមៗ ដោយមិនគិត ពីសុវត្តិភាពខ្លួនឯងឡើយ។ ចំពោះកុមាររងគ្រោះ ឥឡូវបានរួចផុតពីគ្រោះថ្នាក់ ហើយសុខភាពធម្មតាវិញហើយ។
ឧត្តមសេនីយ៍បានបញ្ជាក់ថា៖ សមត្ថកិច្ចកម្ពុជានិងសមត្ថកិច្ចថៃ នៅតែបន្តសាមគ្គី ទំនាក់ទំនងគ្នាជាប់ជានិច្ច ទោះបីសមត្ថកិច្ចទាំងទ្វេរភាគី មិនអាចទំនាក់ទំនងគ្នាដោយផ្ទាល់ក៏ដោយ តែភាគីទាំងសងខាង នៅធ្វើការទំនាក់ទំនងគ្នា តាមប្រព័ន្ធអេឡិចត្រូនិច្ចជាប់ជានិច្ច ដើម្បីធ្វើការផ្តល់ព័ត៌មាន ឲ្យគ្នាទៅវិញទៅមក ហើយសមត្ថកិច្ចទាំងទ្វេរភាគី ត្រូវការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងសងខាង ដែលមិនអនុញ្ញាត ឲ្យធ្វើការឆ្លងដែន ដើម្បីការពារការរីករាលដាល នៃជំងឺឆ្លងកូវិដ១៩។
លោកឧត្តមសេនីយ៍ ក៏សូមអំពាវដល់ប្រជាពលរដ្ឋ ក្នុងនិងប្រទេសចូលរួម ថែរក្សាអនាម័យបរិស្ថាន ថែរក្សាសុខភាពនិងអនុវត្តន៍ តាមការណែនាំផ្សព្វផ្សាយ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ច ដើម្បីកុំឲ្យមានការរីករាលដាលបន្ត ពីព្រោះជំងឺកូវិដ១៩នេះ ជាជំងឺសកល (ការពារប្រសើរជាងព្យាបាល)៕