ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គណៈកម្មការ អន្តរក្រសួង បង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីចុះត្រួតពិនិត្យ តាមដានលើលក្ខណៈបច្ចេកទេស សាងសង់ផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំង វាយតម្លៃការងារ របស់អ្នកអនុវត្តការសាងសង់ ដោយពិនិត្យផ្ទា ល់ជាប្រចាំ នៅតាមអង្គភាពអនុវត្តសាងសង់នីមួយៗ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា «គណៈកម្មការអន្តរក្រសួង បានបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដើម្បី ចុះត្រួតពិនិត្យតាមដាន លើលក្ខណៈបច្ចេកទេស សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនេះ និងវាយតម្លៃការងារ របស់អ្នកអនុវត្តការសាងសង់ ដោយចុះពិនិត្យផ្ទាល់ជាប្រចាំ នៅតាមអង្គភាព អនុវត្តការសាងសង់នីមួយៗ ដើម្បីឲ្យអង្គ ភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវ តាមគោលការណ៍ និងស្តង់ដាលក្ខណៈបច្ចេកទេស ដែលបានកំណត់ ដោយ ត្រូវធ្វើការរាយការណ៍ជាប្រចាំរៀងរាល់ ២សប្តាហ៍ម្តង ជូនក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ និងគណៈកម្មការអន្តរ ក្រសួងផងដែរ»។
ជាងនេះទៅទៀត លោកក៏បានណែនាំឲ្យក្រុមការងារស្ថាបនា សាងសង់ផ្លូវត្រូវដាក់ប៉ាណូ បញ្ជាក់ពីម្ចាស់គម្រោង និង អ្នកសាងសង់តាមស្តង់ដា ដើម្បីឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបានដឹង និងត្រូវរក្សាសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរ យបញ្ចៀស និងសម្រួលចរាចរណ៍ កុំឱ្យមានការកកស្ទះ ពាក់ឯកសណ្ឋានឲ្យបានសមរម្យ និងប្រើប្រាស់សម្ភារបច្ចេក ទេស សុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ក្នុងពេលសាងសង់។
សូមរំលឹកថា គម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែង សរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារ និងថវិកាប្រមាណជាង ៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅ គម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។
បន្ថែមពីនេះ រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖ ប្រភេទទី១ ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុល ដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រឡើងវិញ ប្រភេទទី២ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរ ធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រពីលើ ប្រភេទទី៣ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរ ធ្វើ ដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២០សង់ទីម៉ែត្រ ប្រភេទទី៤ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវ ដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវ ដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២៥សង់ទីម៉ែត្រ៕