ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្ត ដល់សមាគមវារីវប្បករ ឲ្យយកចិត្តទុកដាក់បន្ថែមទៀត លើការអនុវត្តបច្ចេកទេស និងពង្រីកអាជីវកម្ម ចិញ្ចឹម ដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាព នៃវិបត្តជំងឺកូវីដ-១៩ឲ្យប្រសើរឡើង។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងកសិកម្ម។
ក្នុងកិច្ចប្រជុំពិភាក្សាតួនាទី សមាគមវារីវប្បករ ក្នុងការចូលរួមបង្កើន ផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជា ឆ្លើយតបតាមតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ខណៈជំងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាលជាសកល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក វេង សាខុន បានថ្លែងថា «សូមលើកទឹកចិត្ត ដល់សមាជិកសមាគមវារីវប្បករទាំងអស់ ឲ្យយកចិត្តទុកដាក់បន្ថែមទៀត លើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹម ដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាពនៃវិបត្ត ជំងឺឆ្លងនេះ (ជំងឺកូវីដ-១៩) ឲ្យកាន់តែមានប្រសិទ្ធភាព ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម»។
នាឱកាសនោះ លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម បានធ្វើការណែនាំដល់ សមាគមវារីវប្បករកម្ពុជា ដូចខាងក្រោម៖
ទី១- ត្រូវរួមសហការគ្នាក្នុងរង្វង់សមាគម បង្កើនផលិតភាពផលិតកម្ម ចិញ្ចឹមត្រីគ្រប់ប្រភេទ បង្កង កន្ធាយ និងកង្កែបទាំងបរិមាណ និងគុណភាពឈានទៅ បង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយការនាំចូល។
ទី២- រៀបចំបណ្តុំ ឬបណ្តាញអាជីវកម្មចិញ្ចឹមត្រី ឲ្យបានទូលំទូលាយ អនុវត្តបច្ចេកទេស ឲ្យបានត្រឹមត្រូវទាំងកម្មវិធីផលិតកូន កម្មវិធីចិញ្ចឹម និងកម្មវិធីទីផ្សារ។
ទី៣- ខិតខំរួមសាមគ្គីគ្នា អនុវត្តបែបបទបច្ចេកទេស រដ្ឋបាល និងការអនុវត្តច្បាប់ឲ្យកាន់តែមាន ប្រសិទ្ធភាព ឆ្លើយតបតាមស្តង់ដារផលិត ដែលជាឱកាសដ៏ល្អ សម្រាប់ការប្រកួតប្រជែង។
ទី៤- កាត់បន្ថយភាពអសកម្ម បង្កើនសកម្មភាពជំរុញ លើកទឹកចិត្ត គាំទ្រ និងផ្សព្វផ្សាយអំពីតម្រូវ ការទីផ្សារ បរិមាណ និងតម្លៃក្នុងរង្វង់សមាគមឲ្យបានទូលំទូលាយ។
និងទី៥- ត្រូវរួមសហការគ្នាឲ្យបានល្អប្រសើរ ជាមួយរដ្ឋបាលជលផល ដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជា និងចូលរួមទប់ស្កាត់បទល្មើស នាំចូលផលវារីវប្បកម្មខុសច្បាប់ តាមគ្រប់រូបភាព៕