ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ឲ្យចេញ- ចូលបម្រើការងារឡើងវិញ ក្រោយធ្វើតេស្ដ រកវិរុសកូវីដ-១៩ លើកទី៣អវិជ្ជមាន

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យ ចេញ-ចូល បម្រើការងារវិញចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារបម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួង ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យ រកវីរុសកូវដ ១៩ លើកទី៣ រួចរាល់ ដោយទទួលបានលទ្ធផល អវិជ្ជមាន ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មកទល់ពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារមួយចំនួន ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» បានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី៣ រួចរាល់ហើយ ជាមួយនឹងលទ្ធផលអវិជ្ជមានវីរុសវីដ១៩។

ក្រសួងមហាផ្ទៃ បញ្ជាក់ថា «ក្រសួងសម្រេចអនុញ្ញាតឲ្យ ចេញ-ចូល បម្រើការងារវិញ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណ ទីស្តីការក្រសួងមហាផ្ទៃ ហើយដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវដ ១៩ លើកទី៣ រួចរាល់ ដោយទទួលបានលទ្ធផល អវិជ្ជមានវិរុសកូវីដ១៩ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ តទៅ លើកលែង តែបុគ្គល ដែលត្រូវបន្តតាមដានត្រួតពិនិត្យសុខភាពដោយក្រសួងសុខាភិបាល»។

ក្រសួងមហាផ្ទៃ រៀបរាប់ថា ក្នុងការចេញ-ចូល បំពេញការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ ឲ្យធ្វើការវាស់កំដៅ លាងសម្អាតដៃដោយទឹកអាល់កុលឬដែលអាល់កុល មុនចូលក្នុងអគារនីមួយៗ និងត្រូវអនុវត្ត វិធានការការពារជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល ជាដើម។

ជាងនេះទៅទៀត ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យ រកវីរុសកូវី១៩ លើក ទី២ រួចរ៉ាល់ ត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោល ការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ ៖ អេង ប៊ូឆេង

To Top